[៣៦៩​] (អភិ​សម្ពុទ្ធ​គាថា​) លំដាប់នោះ​ ក្នុង​កាលដែល​រាត្រី​កន្លងទៅ​ហើយ ព្រះអាទិត្យ​ក៏​រះ​ឡើង សក្កទេវរាជ​មាន​ភេទ​ជា​ព្រាហ្មណ៍​ ប្រាកដ​ដល់​ក្សត្រ​ទាំងពីរ​នោះ​ក្នុង​ពេលព្រឹក។
 [៣៧០​] (សក្កទេវរាជ​…) ព្រះអង្គ​សុខសប្បាយ​ទេ​ឬ ព្រះអង្គ​មិន​មាន​រោគាពាធ​ទេ​ឬ ព្រះអង្គ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ការស្វែងរក​ស្រួល​ទេ​ឬ មើម​ឈើ និង​ផ្លែឈើ​មាន​ច្រើន​ដែរ​ឬ។ ពួក​របោម មូស និង​ពស់ មាន​តិច​ទេ​ឬ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង​ មិន​មានការ​បៀតបៀន​ទេ​ឬ។
 [៣៧១​] (ព្រះ​មហាសត្វ​…) ម្នាល​ព្រាហ្មណ៍​ ​ពួក​យើង​សុខសប្បាយ​ទេ ម្នាល​ព្រាហ្មណ៍ មិន​មាន​រោគាពាធ​អ្វី​ទេ មួយទៀត យើង​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ដោយ​ការស្វែងរក​ស្រួល​ទេ មើម​ឈើ និង​ផ្លែឈើ​ទាំងឡាយ​ដ៏​បរិបូណ៌​ដែរ​ទេ។ ទាំង​ពួក​របោម​ មូស និង​ពស់ មាន​តិច​ទេ​ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង​ មិន​មានការ​បៀតបៀន​យើង​ទេ។ យើង​នៅក្នុង​ព្រៃ​អស់ ៧ ខែ រស់នៅ​ទាំង​សំ​ណោក​ ទើប​ឃើញ​ព្រាហ្មណ៍​ជា​គំរប់​ពីរ​នេះ មាន​ភេទ​ដ៏​ប្រសើរ កាន់​ឈើច្រត់​មាន​ពណ៌​ដូចជា​ផ្លែ​ព្នៅ​ទុំ​ ទ្រទ្រង់​ស្បែក​ខ្លា​ទាំង​ក្រចក។ នែ​មហា​ព្រាហ្មណ៍ អ្នក​មក​ល្អ​ហើយ មួយទៀត អ្នក​មិនមែន​មក​អាក្រក់​ទេ
ថយ | ទំព័រទី ១៨៩ | បន្ទាប់