បុគ្គលបបោសអង្អែលនូវសីលក្តី វត្តក្តី សីល និងវត្តក្តី របស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិរបស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ ព្រោះហេតុអ្វី (គន្ថៈទាំងឡាយ) លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់។ ពួកបុគ្គលកាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តរូប កាន់យក ប្រកាន់ កួចកាន់ បបោសអង្អែល ចូលចិត្តវេទនា សញ្ញា សង្ខារ វិញ្ញាណ គតិ ឧប្បត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ដោយគន្ថៈទាំងនោះ ព្រោះហេតុនោះ គន្ថៈទាំងនោះ លោកហៅថា គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់។ ពាក្យថា កាត់ គឺលះបង់ ឬកំចាត់បង់ នូវគ្រឿងចងស្រែះទាំងឡាយ។ មួយទៀតថា ស្រាយ ឬថា លះបង់នូវចំណង គ្រឿងចងដែលចងស្រែះហើយ ចំណងដែលចងហើយ ចងវិសេសហើយ ចងដោយប្រការដ៏ច្រើន ជាប់នៅ ចំពាក់នៅ ទាក់នៅ។ បុគ្គលទាំងឡាយ រុះរើ ធ្វើឲ្យខ្ទេចខ្ទីនូវវក្តី រថក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ មុនីបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ ឬថាស្រាយ ឬលះចោលនូវគន្ថៈទាំងឡាយ ដែលចាក់ស្រែះ ក្រង ចងឆ្វាក់ ពាក់ព័ន្ធ ព័ទ្ធមាំ ជាប់ចំពាក់ ចងមាំ ចងជាប់ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់នូវគ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ដែលចងស្រែះហើយ។