[១៤១​] ពាក្យ​ថា​ មិន​ធ្វើ​នូវ​បំណង​ក្នុង​លោក​ណាមួយ​ សេចក្តី​ថា​ តណ្ហា​ លោក​ហៅថា​ បំណង​ បាន​ដល់​តម្រេក​ តម្រេក​ខ្លាំង។បេ។ អភិជ្ឈា​ លោភៈ​ អកុសលមូល។ ពាក្យ​ថា​ មិន​ធ្វើ​នូវ​បំណង​ គឺ​មិន​ធ្វើ​ មិន​បង្កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ចំពោះ​ នូវ​បំណង។ ពាក្យ​ថា​ ណាមួយ​ គឺ​ណាមួយ​ ឯណាមួយ​ ឯណា​នីមួយ​ ខាងក្នុង​ក្តី​ ខាងក្រៅ​ក្តី​ ទាំង​ខាងក្នុង​ ខាងក្រៅ​ក្តី។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក។បេ។ អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ធ្វើ​នូវ​បំ​ណង​ ក្នុង​លោក​ណាមួយ​ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ព្រះ​ខីណាស្រព​ទាំងឡាយ​នោះ​ មិនកំណត់​ មិន​ធ្វើឲ្យ​ជា​ប្រធាន​ មិន​ពោល​ថា​ ទិដ្ឋិ​មាន​សេចក្តី​បរិសុទ្ធិ​ជាទីបំផុត​ កាត់​គ្រឿង​ចង​ស្រែះ​ គឺ​សេចក្តី​ប្រកាន់​ដែល​ចង​ស្រែះ​ហើយ​ មិន​ធ្វើ​នូវ​បំណង​ក្នុង​លោក​ណាមួយ។
[១៤២​] ព្រាហ្មណ៍​ណា​ កន្លង​ហួស​ដែន​ហើយ​ ព្រហ្ម​ណ៍​នោះ មិន​មានការ​ប្រកាន់​មាំ​ ព្រោះ​ដឹង​ ព្រោះ​ឃើញ​ទេ​ ព្រា​ហ្ម​ណ៍​នោះ មិន​មាន​សេចក្តី​ត្រេកអរ​ក្នុង​កាមរាគ​ មិន​ត្រេកអរ​ក្នុង​រូប​រាគ និង​អរូប​រាគ​ ព្រាហ្មណ៍​នោះ​ មិន​មានការ​ប្រកាន់​ថា​ នេះ​ប្រសើរ​ ដូច្នេះ​ឡើយ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់