កាលបើ​ខន្ធ​ទាំងឡាយ​កើតឡើង​ហើយ​ ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងនោះ​ ក៏​ឋិតនៅ​ក្នុង​ខាងមុខ​ សភាវៈ​ដែល​ត្រូវ​វិនាស​ទាំងឡាយ​ (ខន្ធ​) កំពុង​ឋិតនៅ​ មិន​ច្រឡូកច្រឡំ​ដោយ​ខន្ធ​ចាស់​ទេ​ រមែង​មក​អំពី​ទី​មើល​មិនឃើញ​ លុះ​បែកធ្លាយ​ហើយ​ តែង​ទៅកាន់​ទី​មើល​មិនឃើញ​វិញ​ រមែង​កើតឡើង​ផង​ រមែង​វិនាស​ទៅ​ផង​ ដូចជា​ផ្លេកបន្ទោរ​ឰដ៏​អាកាស។ ជីវិត​តិច​ ព្រោះ​ការឋិតនៅ​តិច​ យ៉ាងនេះ។
 ជីវិត​តិច​ ព្រោះ​កិច្ច​របស់​ខ្លួន​តិច​ តើ​ដូចម្តេច។ ជីវិត​ជាប់​ទាក់ទង​ដោយ​ដង្ហើម​ចូល​ ជីវិត​ជាប់​ទាក់​ទង​ដោយ​ដង្ហើម​ចេញ​ ជីវិត​ជាប់​ទាក់ទង​ដោយ​ដង្ហើម​ចូល​ និង​ដង្ហើម​ចេញ​ ជីវិត​ជាប់​ទាក់ទង​ដោយ​មហាភូតរូប​ ជីវិត​ជាប់​ទាក់ទង​ដោយ​ភ្លើងធាតុ​ ជីវិត​ជាប់​ទាក់ទង​ដោយ​អាហារ​ជា​ពំនូត​ ជីវិត​ជាប់​ទាក់ទង​ដោយ​វិញ្ញាណ។ ឫសគល់​របស់​ធម៌​ទាំងនេះ​ មាន​កម្លាំង​ថយ។ បុព្វហេតុ​ទាំងឡាយ​របស់​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។ សូម្បី​ពួក​ធម៌​ណា​ជា​បច្ច័យ​ ធម៌​ទាំងនោះ​ ក៏​មាន​កម្លាំង​ថយ។ សូម្បី​ពួក​ធម៌​ណា​ ជា​ប្រភព​ ធម៌​ទាំងនោះ​ ក៏​មាន​កម្លាំង​ថយ។ ​ពួក​ធម៌​ដែល​កើត​ជាមួយនឹង​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។ ​ពួក​ធម៌​ប្រកប​ជាមួយគ្នា​នឹង​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។ ធម៌​ដែល​កើត​ឡើង​ជាមួយគ្នា​នឹង​ធម៌​ទាំងនេះ​ ក៏​មាន​កម្លាំង​ថយ។
ថយ | ទំព័រទី ២២៣ | បន្ទាប់