តិស្សមេត្តេយ្យសុត្តនិទេ្ទស ទី៧
[២២៤] (ព្រះតិស្សមេត្តេយ្យៈមានអាយុ ក្រាបទូលយ៉ាងនេះថា)
បពិត្រព្រះអង្គទ្រង់និរទុក្ខ សូមព្រះអង្គពោលសេចក្តីចង្អៀតចង្អល់របស់បុគ្គលដែលប្រកបរឿយៗ ក្នុងមេថុន យើងខ្ញុំស្ដាប់ពាក្យប្រដៅរបស់ព្រះអង្គហើយ នឹងសិក្សាក្នុងវិវេក។
[២២៥] ពាក្យថា បុគ្គលប្រកបរឿយៗក្នុងមេថុន អធិប្បាយថា ឈ្មោះថា មេថុនធម្ម បានដល់ ធម៌របស់អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់ជនថោកទាប ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កើតក្នុងទីកំបាំង ការជួបជុំរបស់បុគ្គលពីរៗ នាក់។ ដែលលោកហៅថា មេថុនធម្ម តើព្រោះហេតុអ្វី។ ធម៌របស់បុគ្គលពីរនាក់ ដែលត្រេកអរ ត្រេកអរខ្លាំង ជោក (ដោយរាគៈ) រួបរឹត (ដោយរាគៈ) មានចិត្តត្រូវកិលេសគ្របសង្កត់ស្មើគ្នាទាំងពីរនាក់ ព្រោះហេតុនោះ ទើបលោកហៅថា មេថុនធម្ម។ ជនពីរនាក់ ធ្វើជំលោះ លោកហៅថា គូជម្លោះ ជនពីរនាក់ ធ្វើសេចក្តីប្រកួតប្រកាន់ លោកហៅថា គូប្រកួតប្រកាន់ ជនពីរនាក់ធ្វើការនិយាយគ្នា លោកហៅថា គូនិយាយគ្នា ជនពីរនាក់ ធ្វើការជជែកគ្នា លោកហៅថា គូជជែកគ្នា ជនពីរនាក់ធ្វើអធិករណ៍ លោកហៅថា គូអធិករណ៍ ជនពីរនាក់ចរចាគ្នាជាប្រក្រតី លោកហៅថា គូចរចា ជនពីរនាក់និយាយឆ្លើយឆ្លងគ្នា លោកហៅថា គូឆ្លើយឆ្លង