[១១] បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ដោយជើង បុគ្គលនោះ ជាអ្នកមានសតិ រមែងកន្លងវិសត្តិកាតណ្ហានេះ ក្នុងលោក។
[១២] អធិប្បាយពាក្យថា បុគ្គលណា វៀរកាមទាំងឡាយ ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកបដោយប្រការណា តាំងនៅដោយប្រការណា មានប្រការយ៉ាងណា ដល់ឋានៈណា ប្រកបដោយធម៌ណា ទោះជាក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា ឬមនុស្ស។ ពាក្យថា កាមទាំងឡាយ ក្នុងពាក្យថា វៀរកាមទាំងឡាយដូច្នេះ បើតាមឧទ្ទាន បានដល់កាម ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះលោកហៅថា វត្ថុកាម។បេ។ ទាំងនេះលោកហៅថា កិលេសកាម។ ត្រង់ពាក្យថា វៀរកាមទាំងឡាយ គឺបុគ្គលវៀរកាមទាំងឡាយដោយហេតុ ២ គឺដោយកិរិយាសង្កត់សង្កិន ឬដោយការផ្តាច់ផ្តិល។
បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិន តើដូចម្តេច។ បុគ្គលកាលឃើញថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង ដោយសេចក្តីថា មានសេចក្តីត្រេកអរតិច ឈ្មោះថាវៀរកាម ដោយកិរិយាសង្កត់សង្កិន កាលឃើញថា កាមទាំងឡាយ មានឧបមាដូចដុំសាច់ ដោយសេចក្តីថា ជារបស់សាធារណ៍ដល់សត្វ មានប្រមាណច្រើន