ជនគប្បីកំណត់នូវអ្នកប្រាជ្ញ ជាអ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង ដោយកិលេសដូចម្តេច ក្នុងលោកនេះបាន។
[១៣៤] ពាក្យថា អ្នកប្រាជ្ញនោះ ជាអ្នកមានសេនាទៅប្រាសហើយ ក្នុងធម៌ទាំងពួងទាំងឡាយ គឺអារម្មណ៍ណាមួយ ដែលលោកឃើញហើយក្តី ឮហើយក្តី ប៉ះពាល់ហើយក្តី អធិប្បាយថា សេនារបស់មារ លោកហៅថាសេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈ ជាមារសេនា ទោសៈ ជាមារសេនា មោហៈ ជាមារសេនា កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ជាមារសេនា។ ដូចពាក្យដែលព្រះមានព្រះភាគ ត្រាស់ដូច្នេះថា
កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ (ក្នុងធម៌ជាកុសល) លោកហៅថា សេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនា ទី ៣ របស់អ្នក តណ្ហា លោកហៅថា សេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីខ្លាច លោកហៅថា សេនាទី ៦