បុគ្គល​បបោសអង្អែល​នូវ​សីល​ក្តី​ វត្ត​ក្តី​ សីល និង​វត្ត​ក្តី​ របស់​ខ្លួន​ ឈ្មោះថា​ សីលព្វត​បរាមាស​កាយគន្ថៈ។ ទិដ្ឋិ​របស់​ខ្លួន​ ឈ្មោះថា​ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ។ ព្រោះ​ហេតុអ្វី​ (គន្ថៈ​ទាំងឡាយ​) លោក​ហៅថា​ គ្រឿង​ចង​ស្រែះ​ គឺ​សេចក្តី​ប្រកាន់។ ​ពួក​បុគ្គល​កាន់​យក​ ប្រកាន់​ កួច​កាន់​ បបោសអង្អែល​ ចូលចិត្ត​រូប​ កាន់​យក​ ប្រកាន់​ កួច​កាន់​ បបោសអង្អែល​ ចូលចិត្ត​វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ គតិ​ ឧប្បត្តិ​ បដិសន្ធិ​ ភព​ សង្សារ​ វដ្តៈ​ ដោយ​គន្ថៈ​ទាំងនោះ​ ព្រោះ​ហេតុ​នោះ​ គន្ថៈ​ទាំងនោះ​ លោក​ហៅថា​ គ្រឿង​ចង​ស្រែះ​ គឺ​សេចក្តី​ប្រកាន់។ ពាក្យ​ថា​ កាត់​ គឺ​លះបង់​ ឬកំចាត់​បង់​ នូវ​គ្រឿង​ចង​ស្រែះ​ទាំងឡាយ។ មួយទៀត​ថា​ ស្រាយ​ ឬថា​ លះបង់​នូវ​ចំណង គ្រឿង​ចង​ដែល​ចង​ស្រែះ​ហើយ ចំណង​ដែល​ចង​ហើយ​ ចង​វិសេស​ហើយ ចង​ដោយ​ប្រការ​ដ៏​ច្រើន ជាប់​នៅ ចំពាក់​នៅ ទាក់​នៅ។ បុគ្គល​ទាំងឡាយ រុះរើ​ ធ្វើឲ្យ​ខ្ទេចខ្ទី​នូវ​វក្តី​ រថ​ក្តី រទេះ​ក្តី រថ​ទ្រង់គ្រឿង​ក្តី យ៉ាងណាមិញ​ មុនី​បោះបង់ ឬលះ​ចោល​នូវ​គន្ថៈ​ទាំងឡាយ ឬថា​ស្រាយ ឬលះ​ចោល​នូវ​គន្ថៈ​ទាំងឡាយ​ ដែល​ចាក់ស្រែះ ក្រង ចង​ឆ្វាក់ ពាក់ព័ន្ធ ព័ទ្ធ​មាំ ជាប់​ចំពាក់ ចង​មាំ ចង​ជាប់ ក៏​យ៉ាងនោះ​ដែរ​ ព្រោះ​ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លះបង់​នូវ​គ្រឿង​ចង​ស្រែះ​ គឺ​សេចក្តី​ប្រកាន់​ដែល​ចង​ស្រែះ​ហើយ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់