គួរ​ធ្វើ​ចិត្ត​ដែល​តាំង​មាំ ឲ្យ​ព្រងើយកន្តើយ ដោយ​ប្រាជ្ញា អ្នកប្រាជ្ញ​ជា​អ្នកដឹង​កាល​ ស្គាល់​កាល ឈ្លាសវៃ​ក្នុង​កាល គួរ​កំណត់​នូវ​និមិត្ត​នៃ​ចិត្ត​សព្វកាល យ៉ាងនេះ។

 ពាក្យ​ថា ភិក្ខុ​នោះ​កាល​ពិចារណា​ធម៌​ដោយ​ប្រពៃ​ តាមកាល​គួរ បាន​សេចក្តី​ថា ពិចារណា​ធម៌​ដោយ​ប្រពៃ​ថា សង្ខារ​ទាំងពួង​មិន​ទៀង ពិចារណា​ធម៌​ដោយ​ប្រពៃ​ថា​ សង្ខារ​ទាំងពួង​ជា​ទុក្ខ ពិចារណា​ធម៌​ដោយ​ប្រពៃ​ថា ធម៌​ទាំងពួង​មិនមែន​ខ្លួន។បេ។ ពិចារណា​ធម៌​ដោយ​ប្រពៃ​ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ជា​ធម្មតា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ កាល​ពិចារណា​ធម៌​ដោយ​ប្រពៃ។
 [២៨៩​] អធិប្បាយ​ពាក្យ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា ភិក្ខុ​នោះ​នឹងជា​អ្នកមាន​ចិត្ត​ខ្ពស់​ឯក​ កំចាត់​បង់​នូវ​ងងឹត ត្រង់​ពាក្យ​ថា ជា​អ្នកមាន​ចិត្ត​ខ្ពស់​ឯក គឺ​មានចិត្ត​ប្រសើរ​តែមួយ​ មានចិត្ត​មិន​រាយមាយ មានចិត្ត​មិន​កន្ទះរា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជា​អ្នកមាន​ចិត្ត​ខ្ពស់​ឯក។ ពាក្យ​ថា ភិក្ខុ​នោះ​នឹង​កំចាត់​បង់​នូវ​ងងឹត​ គឺ​នឹង​សម្លាប់ កំចាត់​បង់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់ នូវ​ងងឹត​គឺ​រាគៈ​ ងងឹត​គឺ​ទោសៈ ងងឹត​គឺ​មោហៈ ងងឹត​គឺ​មានះ ងងឹត​គឺ​ទិដ្ឋិ ងងឹត​គឺ​កិលេស ងងឹត​គឺ​ទុច្ចរិត​ ធម្មជាត​ជា​គ្រឿង​ធ្វើឲ្យ​ងងឹត ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ធ្វើ​មិន​ឲ្យ​មាន​ញាណ ធ្វើឲ្យ​រលត់​ប្រាជ្ញា​ ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន។
ថយ | ទំព័រទី ៣៤១ | បន្ទាប់