ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់តែ​ធ្វើ​ចិត្ត​ឲ្យ​ល្អក់ តែ​មិនទាន់​ធ្វើមុខ​ឲ្យ​ក្រញូវ​នៅ​ឡើយ​ក៏​មាន។ ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់តែ​ធ្វើមុខ​ឲ្យ​ក្រញូវ​ តែ​មិន​ទាន់​ញុំាង​ចង្កា​ឲ្យ​កំរើក​នៅ​ឡើយ​ក៏​មាន។ ក្នុង​កាល​ខ្លះ​ ក្រោធ​គ្រាន់តែ​ញ៉ាំង​ចង្កា​ឲ្យ​កំរើក តែ​មិនទាន់​បញ្ចេញវាចា​អាក្រក់​នៅឡើយ ក៏​មាន។ ក្នុង​កាល​ខ្លះ​ ក្រោធ​គ្រាន់តែ​បញ្ចេញ​វាចា​អាក្រក់ តែ​មិនទាន់​ក្រឡេក​មើល​ទិសតូច និង​ទិសធំ​នៅឡើយ ក៏​មាន។ ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់តែ​ក្រឡេក​មើល​ទិស​តូច និង​ទិសធំ តែ​មិនទាន់​ចាប់កាន់​ដំបង និង​កាំបិត​នៅឡើយ ក៏​មាន។ ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់​តែ​ចាប់កាន់​ដំបង និង​កាំបិត តែ​មិនទាន់​ងា​ឡើង​នូវ​ដំបង និង​កាំបិត​នៅឡើយ ក៏​មាន។ ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់តែ​ងា​ឡើង​នូវ​ដំបង និង​កាំបិត តែ​មិនទាន់​សំពង​កាប់​ដោយ​ដំបង និង​កាំបិត​នៅ​ឡើយ ក៏​មាន។ ក្នុង​កាល​ខ្លះ ក្រោធ​គ្រាន់តែ​សំពង​កាប់​ដោយ​ដំបង និង​កាំបិត តែ​មិនទាន់​ធ្វើឲ្យ​ធ្លុះធ្លាយ ដាច់ដាច​នៅ​ឡើយ​ ក៏​មាន។
ថយ | ទំព័រទី ១០២ | បន្ទាប់