មេ​ត្ត​គូ​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី៤​


[១៤២​] (មេ​ត្ត​គូ​មាណព​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា ព្រះអង្គ​ជា​អ្នក​ដល់​នូវ​វេទ ជា​អ្នកមាន​ខ្លួន​បាន​អប់រំ​ហើយ សេចក្តី​ទុក្ខ​ទាំងឡាយ​ណាមួយ ជាច្រើន​ប្រការ​ក្នុង​លោក សេចក្តី​ទុក្ខ​ទាំងនេះ កើតមក​អំពី​ទីណា​ហ្ន៎។

 [១៤៣​] អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ ត្រង់​ពាក្យ​ថា​ សួរ បាន​ដល់​សំនួរ​ ៣ គឺ អទិដ្ឋ​ជោ​តនា​បុច្ឆា (សំនួរ​ជា​គ្រឿង​បំភ្លឺ​ហេតុ​ដែល​មិនទាន់​បានឃើញ​) ១ ទិដ្ឋ​សំសន្ទនា​បុច្ឆា (សំនួរ​ជា​គ្រឿង​ប្រៀបផ្ទឹម​ហេតុ​ដែល​ធ្លាប់​ឃើញ​ហើយ​) ១ វិ​មតិ​ច្ឆេ​ទនា​បុច្ឆា (សំនួរ​ជា​គ្រឿង​កាត់សេចក្តី​ងឿងឆ្ងល់​) ១។
 អទិដ្ឋ​ជោ​តនា​បុច្ឆា តើ​ដូចម្តេច។ លក្ខណៈ​ដែល​បុគ្គល​មិនទាន់​ដឹង មិនទាន់​ឃើញ​ មិនទាន់​ថ្លឹង មិនទាន់​ពិចារណា មិនទាន់​យល់​ច្បាស់ មិនទាន់​ប្រាកដ​ ដោយ​ប្រក្រតី បុគ្គល​សួរ​ប្រស្នា​ដើម្បី​ការ​ដឹង ការ​ឃើញ ការ​ថ្លឹង ការពិចារណា ដើម្បី​ប្រយោជន៍​ដល់​ការ​យល់​ច្បាស់ ដើម្បី​ប្រយោជន៍​ឲ្យ​ប្រាកដ​នូវ​លក្ខណៈ​នោះ នេះ អទិដ្ឋ​ជោ​តនា​បុច្ឆា។
ថយ | ទំព័រទី ១០៦ | បន្ទាប់