ពាក្យ​ថា ដូច្នេះ របស់​បទ​ថា មេ​ត្ត​គូ​មាន​អាយុ (ទូល​សួរ​) ដូច្នេះ គឺជា​បទ​តភ្ជាប់។បេ។ មេ​ត្ត​គូ​មាន​អាយុ​ (ទូល​សួរ​) ដូច្នេះ។
 [១៤៤​] ពាក្យ​ថា​ ខ្ញុំ​ព្រះអង្គ​សំគាល់​ឃើញថា​ ព្រះអង្គ​ជា​អ្នក​ដល់​នូវ​វេទ​ ជា​អ្នកមាន​ខ្លួន​បាន​អប់រំ​ហើយ​ អធិប្បាយ​ថា​ ខ្ញុំ​ព្រះអង្គ​សំគាល់​ព្រះអង្គ​ថា​ ជា​អ្នក​ដល់​នូវ​វេទ​ សំគាល់​ព្រះអង្គ​ថា​ ជា​អ្នកមាន​ខ្លួន​អប់រំ​ហើយ​ ខ្ញុំ​ព្រះអង្គ​សំគាល់​យ៉ាងនេះ​ ដឹង​យ៉ាងនេះ​ យល់​យ៉ាងនេះ​ ដឹង​ច្បាស់​យ៉ាងនេះ​ ដឹង​ចំពោះ​យ៉ាងនេះ​ ចាក់ធ្លុះ​យ៉ាងនេះ​ថា​ ព្រះអង្គ​ដល់​នូវ​វេទ​ មានខ្លួន​បាន​អប់រំ​ហើយ។
 ព្រះមានព្រះភាគ​ឈ្មោះថា ទ្រង់​ដល់​នូវ​វេទ​ តើ​ដូចម្តេច។ ញាណ​ ប្រាជ្ញា​ បញ្ញិន្រ្ទិយ​ បញ្ញា​ពលៈ​ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ វីមំសា​ វិបស្សនា​ សម្មាទិដ្ឋិ​ ក្នុង​មគ្គ​ ៤ លោក​ហៅថា​ វេទ។ ព្រះមានព្រះភាគ​ទៅកាន់​ទីបំផុត​ ដល់​នូវ​ទីបំផុត​នៃជា​តិ ជរា និង​មរណៈ​ ដោយ​វេទ​ទាំងឡាយ​នោះ​ ទៅកាន់​ទី​ខាងចុង​ ដល់ទី​ខាងចុង​ ទៅកាន់​ទីបំផុត​ជុំវិញ​ ដល់ទីបំផុត​ជុំវិញ​ ទៅកាន់​ទី​ចប់​ ដល់ទី​ចប់​ ទៅកាន់​ទី​ពំនាក់​ ដល់ទី​ពំនាក់​ ទៅកាន់​ទីជ្រកកោន​ ដល់ទី​ជ្រកកោន​ ទៅកាន់​ទីពឹង​ ដល់ទី​ពឹង​ ទៅកាន់​ទី​មិន​មាន​ភ័យ​ ដល់ទី​មិន​មាន​ភ័យ​ ទៅកាន់​ទី​មិន​ច្យុត​ ដល់ទី​មិន​ច្យុត​ ទៅកាន់​អមតៈ​ ដល់​អមតៈ​ ទៅកាន់​ព្រះនិព្វាន​ ដល់​ព្រះនិព្វាន។
ថយ | ទំព័រទី ១១០ | បន្ទាប់