ព្រះអង្គ​មិន​ស្រើបស្រាល​ មិន​អាស្រ័យ​ មិន​ជាប់​ចំពាក់​ក្នុង​រូប​ដែល​ឃើញ​ ទ្រង់​រួច​ស្រឡះ​ ប្រាស​ចេញ​ មាន​ព្រះទ័យ​ប្រាសចាក​សេចក្តី​សល់​វល់​ ព្រះអង្គ​មិន​ស្រើបស្រាល​ មិន​អាស្រ័យ​ មិន​ជាប់​ចំពាក់​ក្នុង​សំឡេង​ដែល​ឮ ក្នុង​អារម្មណ៍​ដែល​ប៉ះពាល់​ ក្នុង​ធម្មារម្មណ៍​ដែល​ជ្រាប​ច្បាស់​ ព្រះអង្គ​រួច​ស្រឡះ​ ប្រាស​ចេញ​ មាន​ព្រះទ័យ​ប្រាសចាក​សេចក្តី​សល់​វល់។ ចក្ខុ​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ​ ទត​ឃើញ​រូប​ដោយ​ចក្ខុ​ តែ​ឆន្ទ​រាគ​ នៃ​ព្រះមានព្រះភាគ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។ សោតៈ​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ​ទ្រង់​ឮសំឡេង​ដោយ​សោតៈ​ តែ​ឆន្ទ​រាគ​នៃ​ព្រះមានព្រះភាគ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ហើយដោយ​ប្រពៃ។ ឃានៈ​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ​ ទ្រង់​ធុំក្លិន​ដោយ​ឃានៈ​ តែ​ឆន្ទ​រាគ​ នៃ​ព្រះមានព្រះភាគ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។ ជិវ្ហា​របស់​ព្រះមានព្រះភាគ​ មាន​គ្រប់គ្រាន់​ ព្រះមានព្រះភាគ​ ទ្រង់​លិទ្ធ​រស​ដោយ​ជិវ្ហា​ តែ​ឆន្ទ​រាគ​នៃ​ព្រះមានព្រះភាគ មិន​មាន​ទេ​ (ព្រោះ​) ព្រះមានព្រះភាគ​ មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ។
ថយ | ទំព័រទី ១១៦ | បន្ទាប់