ការ​កើតឡើង​អំពី​ខាងដើម​នៃ​ធម៌​ទាំងឡាយ​ណា​ ប្រាកដ​ ការ​រលត់​ដោយ​ការ​វិនាស​ (នៃ​ធម៌​ទាំងនោះ​) ក៏​ប្រាកដ។ ផល​អាស្រ័យ​កម្ម​ កម្ម​អាស្រ័យផល​ រូប​អាស្រ័យ​នាម​ នាម​អាស្រ័យ​រូប​ ជា​របស់​ត្រូវជា​តិ​ជាប់​តាម​ ត្រូវ​ជរា​រួបរឹត​ ត្រូវ​ព្យាធិ​ញាំញី​ ត្រូវ​មរណៈ​គ្រប​សង្កត់ តាំងនៅ​ក្នុង​ទុក្ខ​ ឥតមាន​ទី​ពំនាក់​ ឥតមាន​ទី​ជ្រក​ ឥតមាន​ទីពឹង​ ឥតមាន​ទី​ពំនឹង​ ធម៌​ទាំងនេះ​ លោក​ហៅថា​ ទុក្ខ។ ទុក្ខ​ទាំងនេះ​ផ្សំផ្គុំ​មក​អំពី​ណា​ កើតមក​អំពី​ណា​ កើត​ព្រម​អំពី​ណា​ លូតលាស់​អំពី​ណា​ ដុះដាល​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន មាន​អ្វី​ជាទី​ប្រជុំ​កើត​ មាន​អ្វី​ជា​ដែន​ផើ្តម​កើត​ (មេ​ត្ត​គូ​មាណព​) សួរ​ឫសគល់​ សួរ​ហេតុ​ សួរ​និទាន​ សួរ​កំណើត​ សួរ​ហេតុ​ជា​ដែន​ផ្តើម​កើត​ សួរ​សមុដ្ឋាន​ សួរ​អាហារ​ សួរ​អារម្មណ៍​ សួរ​បច្ច័យ​ សួរ​ សូម​ អារាធនា​ ជ្រះថ្លា​ ចំពោះ​ទីប្រជុំ​កើត​នៃ​ទុក្ខ​ទាំងនេះ​ ហេតុ​នោះ​ (លោក​សួរ​ថា​) សេចក្តី​ទុក្ខ​ទាំងនេះ​ កើតអំពី​ទីណា​ហ្ន៎។
ថយ | ទំព័រទី ១២១ | បន្ទាប់