[៣៧៦​] ពាក្យ​ថា នុ៎ះឯង​ជាទី​ពឹង ឯទីពឹង​ក្រៅពី​នេះ​ ពុំ​មាន​ទេ គឺ នុ៎ះ​ជាទី​ពឹង ជាទី​ការពារ ជាទី​ជ្រក ជាទី​ពុំ​នាក់ ជា​ដំណើរ​ប្រព្រឹត្តទៅ​នៃ​គតិ។ ពាក្យ​ថា ឯទីពឹង​ក្រៅ​ពីនេះ ពុំ​មាន​ទេ គឺទី​ពឹង​ដទៃ​ឯទៀត​អំពី​ទីពឹង​នោះ​ មិន​មាន មានតែ​ទីពឹង​នោះ​ឯង ជា​គុណ​ដ៏​លើស​ផង ប្រសើរ​ផុត​ផង វិសេស​ផង ជា​ប្រធាន​ផង​ ខ្ពង់ខ្ពស់​ផង ថ្លៃថ្លា​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ឯទីពឹង​ក្រៅពី​នេះ ពុំ​មាន​ទេ។
 [៣៧៧​] អធិប្បាយ​ពាក្យ​ថា តថាគត​ហៅ​នូវ​ទីពឹង​នោះ​ថា​ និព្វាន ដោយ​ប្រការ​ដូច្នេះ សេចក្តី​ថា តណ្ហា លោក​ហៅថា វានៈ បាន​ដល់​រាគៈ រាគៈ​ដ៏​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការ​លះបង់​វានៈ​ រម្ងាប់​វានៈ រលាស់ចោល​វានៈ​ ស្ងប់​វានៈ អមត​និព្វាន។ ពាក្យ​ថា ដោយ​ប្រការ​ដូច្នេះ​ ជា​ពាក្យ​ភ្ជាប់​បទ។បេ។ ពាក្យ​ថា ដោយ​ប្រការ​ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យ​ថា តថាគត​ហៅ គឺ​តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត​ តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ហៅ​នូវ​ទីពឹង​នោះ ថា​និព្វាន ដោយ​ប្រការ​ដូច្នេះ។
 [៣៧៨​] ពាក្យ​ថា ជាទី​អស់​ជរា និង​មច្ចុ គឺ​ការ​លះបង់​ ការ​រម្ងាប់ ការ​រលាស់ ការ​ស្ងប់​រម្ងាប់ នូវ​ជរា និង​មរណៈ អមត​និព្វាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជាទី​អស់​ជរា និង​មច្ចុ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២៩៩ | បន្ទាប់