ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់​មាំ នុ៎ះឯង​ជាទី​ពឹង​ ឯទីពឹង​ក្រៅពី​នេះ ពុំ​មាន​ទេ តថាគត​ហៅ​នូវ​ទីពឹង​នោះ ថា​និព្វាន ជាទី​អស់​ជរា និង​មច្ចុ ដោយ​ប្រការ​ដូច្នេះ។
[៣៧៩​] ​ពួក​ជន​ណា ជា​អ្នកមាន​សតិ ដឹង​នូវ​ទីពឹង​នុ៎ះ​ មានធម៌​ឃើញ​ហើយ ជា​អ្នក​រំលត់​ហើយ ពួក​ជន​នោះ ជា​អ្នក​មិន​លុះអំណាច​មារ ពួក​ជន​នោះ ជា​អ្នក​មិនដល់​នូវ​ភាពជា​អ្នកបំរើ​មារ។

 [៣៨០​] ពាក្យ​ថា ពួក​ជន​ណា ជា​អ្នកមាន​សតិ ដឹង​នូវ​ទីពឹង​នុ៎ះ​ ត្រង់​ពាក្យ​ថា ទីពឹង​នុ៎ះ គឺ​អមត​និព្វាន បាន​ដល់​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​លះ​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ការ​រលត់ និព្វាន។ ពាក្យ​ថា ដឹង គឺ​ដឹង​ច្បាស់ ស្គាល់​ ថ្លឹង ពិចារណា យល់​ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងឡាយ​ទាំងពួង​មិន​ទៀង។បេ។ ដឹង​ច្បាស់ ថ្លឹង ពិចារណា យល់​ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា វត្ថុ​ណាមួយ​មាន​កិរិយា​កើត​ឡើងជា​ធម្មតា វត្ថុ​ទាំងអស់​នោះ មាន​កិរិយា​រលត់​វិញ​ជា​ធម្មតា។ ពាក្យ​ថា ពួក​ជន​ណា បាន​ដល់​ពួក​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា មានសតិ គឺ​មានសតិ​ដោយ​ហេតុ ៤ គឺ កំពុង​ចំរើន​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ ឈ្មោះថា​មានសតិ។បេ។ ហេតុ​នោះ ពួក​នោះ​ លោក​ហៅថា អ្នកមាន​សតិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​ណា មានសតិ​ដឹង​នូវ​ទីពឹង​នុ៎ះ។
ថយ | ទំព័រទី ៣០០ | បន្ទាប់