[៣៨១​] ពាក្យ​ថា មានធម៌​ឃើញ​ហើយ​ ជា​អ្នក​រំលត់​ហើយ គឺ​មានធម៌​ឃើញ​ហើយ មានធម៌​ដឹង​ហើយ មានធម៌​ថ្លឹង​ហើយ​ មានធម៌​ពិចារណា​ហើយ មានធម៌​យល់​ច្បាស់​ហើយ មានធម៌​ប្រាកដហើយ។ ពាក្យ​ថា ជា​អ្នក​រំលត់​ គឺ ជា​អ្នក​រំលត់​ព្រោះ​រំលត់​រាគៈ ជា​អ្នក​រំលត់​ព្រោះ​រំលត់​ទោសៈ ជា​អ្នក​រំលត់​ព្រោះ​រំលត់​មោហៈ​ ជា​អ្នក​រំលត់​ព្រោះ​រំលត់​កោ​ធៈ ឧបនាហៈ។បេ។ ជា​អ្នក​រំលត់​ព្រោះ​រំលត់​អភិសង្ខារ​ជាអកុសល​ទាំងពួង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មានធម៌​ឃើញ​ហើយ ជា​អ្នក​រំលត់​ហើយ។
 [៣៨២​] ពាក្យ​ថា ពួក​ជន​នោះ​ជា​អ្នក​មិន​លុះ​ក្នុង​អំណាច​មារ​ ត្រង់​ពាក្យ​ថា មារ បាន​ដល់ អ្នក​សំឡាប់ អ្នកមាន​ធម៌​ខ្មៅ អ្នកជា​អធិបតី​ អ្នក​ដល់​នូវ​ទីបំផុត (អកុសលកម្ម​) អ្នក​មិនលែង អ្នកជា​ផៅពង្ស​នៃ​បុគ្គល​ធ្វេសប្រហែស។ ពាក្យ​ថា ពួក​ជន​នោះ ជា​អ្នក​មិន​លុះអំណាច​មារ បាន​សេចក្តី​ថា ពួក​ជន​នោះ ជា​អ្នក​មិន​លុះ​ក្នុង​អំណាច​មារ​ ទាំង​មារ​ក៏​មិន​ញ៉ាំង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ពួក​ជន​នោះ​បាន ពួក​ជន​នោះ គ្រប​សង្កត់​ ញាំញី រួបរឹត​ រារាំង ជិះជាន់ នូវ​មារ​ផង អន្ទាក់មារ​ផង សន្ទូច​មារ​ផង នុយ​មារ​ផង​ វិស័យ​មារ​ផង លំនៅ​មារ​ផង គោចរ​មារ​ផង ចំណង​មារ​ផង ហើយ​នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​ជន​នោះ ជា​អ្នក​មិន​លុះ​ក្នុង​អំណាច​មារ។
ថយ | ទំព័រទី ៣០១ | បន្ទាប់