(ជតុ​កណ្ណី​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) បពិត្រ​ព្រះអង្គ​ជា​វីរបុរស ខ្ញុំ​ព្រះអង្គ​បានឮ​ហើយ ទើប​មក​ដើម្បី​ទូល​សួរ​ព្រះអង្គ ទ្រង់​មិន​មានប្រាថ្នា​ក្នុង​កាម ទ្រង់​ឆ្លង​ឱឃៈ ទ្រង់​មិន​មាន​សេចក្តី​ប្រាថ្នា បពិត្រ​ព្រះអង្គ​មាន​ព្រះនេត្រ​កើត​ព្រមគ្នា​ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នោះ ដែល​ជា​ធម៌​ពិត ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន។
[៣៨៩​] ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​កាម​ ដូច​ព្រះអាទិត្យ​មាន​តេជះ គ្រប​សង្កត់​នូវ​ប្រឹថពី​មណ្ឌល​ដោយ​តេជះ​ សូម​ព្រះអង្គ​មាន​ប្រាជ្ញា​ស្មើ​ដោយ​ផែនដី ត្រាស់​ប្រាប់​ធម៌​ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​យល់​បាន ជា​គ្រឿង​លះបង់​ស្រឡះ​នូវ​ជាតិ​ និង​ជរា​ក្នុង​លោក​នេះ ដល់​ខ្ញុំ​ព្រះអង្គ​ជា​អ្នកមាន​ប្រាជ្ញា​ស្តួចស្តើង ឲ្យ​ទាន។

 [៣៩០​] អធិប្បាយ​ពាក្យ​ថា ព្រោះថា ព្រះមានព្រះភាគ​ ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​កាម ត្រង់​ពាក្យ​ថា ព្រះមានព្រះភាគ​នេះ​ គឺជា​ពាក្យ​ពោល​ដោយ​សេចក្តី​គោរព។បេ។ ការ​បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ​នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យ​ថា​ កាម បើ​តាម​ឧទ្ទាន កាម​មាន ២ គឺ​វត្ថុកាម ១ កិលេស​កាម ១។បេ។ ទាំងនេះ លោក​ហៅថា វត្ថុកាម។បេ។ ទាំងនេះ លោក​ហៅថា កិលេស​កាម។
ថយ | ទំព័រទី ៣០៨ | បន្ទាប់