[៣៩២​] ពាក្យ​ថា ព្រះអង្គ​មាន​ប្រាជ្ញា​ស្មើដោយ​ផែនដី​ ... ដល់​ខ្ញុំ​ព្រះអង្គ ជា​អ្នកមាន​ប្រាជ្ញា​ស្តួចស្តើង គឺ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​មាន​ប្រាជ្ញា​តិច មាន​ប្រាជ្ញា​ឱនថយ​ មាន​ប្រាជ្ញា​ជ្រោកជ្រាក ចំ​ណែ​ខាង​ព្រះអង្គ​មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់​ មាន​ប្រាជ្ញា​រីករាយ មាន​ប្រាជ្ញា​លឿន មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញា​ធ្លុះធ្លាយ ប្រឹថពី​ ហៅថា​ផែនដី ព្រះអង្គ​ប្រកប​ដោយ​ប្រាជ្ញា​ស្មើដោយ​ផែនដី​នោះ ជា​បញ្ញា​ដ៏​ទូលាយ ជ្រាលជ្រៅ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះអង្គ​មាន​ប្រាជ្ញា​ស្មើដោយ​ផែនដី​ ... ដល់​ខ្ញុំ​ព្រះអង្គ ជា​អ្នកមាន​ប្រាជ្ញា​ស្តួចស្តើង។
 [៣៩៣​] ពាក្យ​ថា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​យល់​បាន​ ត្រង់​ពាក្យ​ថា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌ គឺ​សូម​ព្រះអង្គ​ប្រាប់ សំដែង បញ្ញត្ត​ តាំង​ទុក​ បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស នូវ​ព្រហ្មចរិយៈ មាន​លំអ​ក្នុង​ខាងដើម​ មាន​លំអ​ក្នុង​កណ្តាល មាន​លំអ​ក្នុង​ទីបំផុត ប្រកបដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ​ បរិបូណ៌​ទាំងអស់​ដ៏​បរិសុទ្ធ នូវ​សតិ​ប្ប​ដ្ឋាន ៤។បេ។ នូវ​ព្រះនិព្វាន​ផង នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន​ផង​ ហេតុ​នោះ (លោក​ពោល​ថា​) សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌។ ពាក្យ​ថា​ ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​យល់​បាន គឺ ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​ដឹង​ យល់​ច្បាស់ ចាក់ធ្លុះ ពាល់ត្រូវ ធ្វើឲ្យ​ជាក់ច្បាស់​បាន ហេតុ​នោះ (លោក​ពោល​ថា​) សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌ ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​យល់​បាន។
ថយ | ទំព័រទី ៣១០ | បន្ទាប់