[៣៩៤​] ពាក្យ​ថា ជា​គ្រឿង​លះបង់​ស្រឡះ​នូវ​ជាតិ និង​ជរា​ ក្នុង​លោក​នេះ គឺជា​គ្រឿង​លះបង់ រម្ងាប់ រលាស់​ចេញ ស្ងប់​រម្ងាប់ នូវ​ជាតិ ជរា​ និង​មរណៈ ក្នុង​លោក​នេះ​ឯង គឺ​អមត​និព្វាន ហេតុ​នោះ (លោក​ពោល​ថា​) ជា​គ្រឿង​លះបង់​ស្រឡះ​នូវ​ជាតិ និង​ជរា ក្នុង​លោក​នេះ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា
ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​កាម​ ដូច​ព្រះអាទិត្យ​មាន​តេជះ គ្រប​សង្កត់​ប្រឹថពី​មណ្ឌល​ដោយ​តេជះ សូម​ព្រះអង្គ​មាន​ប្រាជ្ញា​ស្មើដោយ​ផែនដី ត្រាស់​ប្រាប់​ធម៌ ដែល​ល្មម​ខ្ញុំ​ព្រះអង្គ​យល់​បាន ជា​គ្រឿង​លះបង់​ស្រឡះ​នូវ​ជាតិ​ និង​ជរា ក្នុង​លោក​នេះ ដល់​ខ្ញុំ​ព្រះអង្គ​ជា​អ្នកមាន​ប្រាជ្ញា​ស្តួចស្តើង ឲ្យ​ទាន។
[៣៩៥​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ជតុ​កណ្ណី​) អ្នក​ចូរ​ឃើញ​នូវ​នេក្ខម្មៈ ថា​ជា​សេចក្តី​ក្សេម ហើយ​កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​ចេញ ការ​ប្រកាន់​ក្តី ការ​ត្រូវ​រលាស់​ចេញ​ក្តី កង្វល់​ក្តី​ កុំ​មានដល់​អ្នក​ឡើយ។

 [៣៩៦​] អធិប្បាយ​ពាក្យ​ថា កំចាត់​បង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​ចេញ​ ត្រង់​ពាក្យ​ថា ក្នុង​កាម​ទាំងឡាយ គឺ​តាម​ឧទ្ទាន កាម​មាន ២ គឺ​វត្ថុកាម​ ១ កិលេស​កាម ១។បេ។ ទាំងនេះ​ហៅថា វត្ថុកាម។បេ។
ថយ | ទំព័រទី ៣១១ | បន្ទាប់