ពាក្យ​ថា ដោយ​ប្រការ​ទាំងពួង​នុ៎ះ ជា​ពាក្យ​ប្រមូល។ ពាក្យ​ថា នាម បាន​ដល់​អរូបក្ខន្ធ​ ៤។ ពាក្យ​ថា រូប បាន​ដល់​មហាភូតរូប ៤ និង​ឧបា​ទាយ​រូប​របស់​មហាភូតរូប ៤។ តណ្ហា លោក​ហៅថា តម្រេក បាន​ដល់​រាគៈ​ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យ​ថា ម្នាល​ព្រាហ្មណ៍​ .... ដែល​ប្រាសចាក​តម្រេក​ក្នុងនាម​រូប ដោយ​ប្រការ​ទាំងពួង​បាន សេចក្តី​ថា ប្រាសចាក​ប្រាថ្នា ឃ្លាតចាក​ប្រាថ្នា​ ចោល​ប្រាថ្នា ខ្ជាក់​ប្រាថ្នា លែង​ប្រាថ្នា លះ​ប្រាថ្នា រលាស់​ប្រាថ្នា គឺជា​អ្នក​ប្រាសចាក​រាគៈ​ ឃ្លាតចាក​រាគៈ ចោល​រាគៈ​ ខ្ជាក់​រាគៈ លែង​រាគៈ លះ​រាគៈ រលាស់​រាគៈ​ ក្នុងនាម​រូប​ដោយ​ប្រការ​ទាំងពួង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​ព្រាហ្មណ៍​ ... ដែល​ប្រាសចាក​តម្រេក​ក្នុងនាម​រូប​ដោយ​ប្រការ​ទាំងពួង។
 [៤០៧​] អធិប្បាយ​ពាក្យ​ថា អាសវៈ​ទាំងឡាយ របស់​បុគ្គល​នោះ​ មិន​មាន​ទេ ត្រង់​ពាក្យ​ថា អាសវៈ បាន​ដល់ អាសវៈ ៤ គឺ​កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។ ពាក្យ​ថា របស់​បុគ្គល​នោះ គឺ​របស់​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា មិន​មាន គឺ​អាសវៈ​ទាំងនេះ​ របស់​ព្រះអរហន្ត​នោះ មិន​មាន ឥតមាន លែង​មាន គឺ​លោក​មិនបាន លោក​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ធ្វើឲ្យ​ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាសវៈ​ទាំងឡាយ របស់​បុគ្គល​នោះ មិន​មាន​ទេ។
ថយ | ទំព័រទី ៣១៧ | បន្ទាប់