កិលេស​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ លះបង់ ផ្តាច់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ដូចជា​ទី​កើត​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព មិន​ឲ្យ​កើតឡើង​ជា​ធម្មតា​តទៅ​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​លះបង់​ទីលំនៅ។ ពាក្យ​ថា តណ្ហា​ របស់​បទ​ថា កាត់​បង់​តណ្ហា បាន​ដល់​រូប​តណ្ហា សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា តណ្ហា​នោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​កាត់​បង់ ផ្តាច់​បង់ ផ្តិល​ផ្តាច់ រម្ងាប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង គឺ​ញាណ​ហើយ ហេតុ​នោះ​ ព្រះពុទ្ធ​ឈ្មោះថា កាត់​បង់​តណ្ហា។ ពាក្យ​ថា មិន​មានការ​ញាប់ញ័រ សេចក្តី​ថា តណ្ហា ហៅថា​ ការ​ញាប់ញ័រ បាន​ដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល។ ការ​ញាប់ញ័រ គឺ​តណ្ហា​នោះ ព្រះពុទ្ធ​មានជោគ លះបង់​ ផ្តាច់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ការ​មិន​មាន​បែបភាព​ មិន​ឲ្យ​កើតឡើង​ជា​ធម្មតា​តទៅ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះ​ថា មិន​មានការ​ញាប់ញ័រ។ ព្រះពុទ្ធ ឈ្មោះថា មិន​មានការ​ញាប់ញ័រ ព្រោះ​ទ្រង់​លះបង់​ការ​ញាប់ញ័រ​ហើយ។ ព្រះមានព្រះភាគ មិន​រំភើប​ក្នុង​លាភ​ផង មិន​រំភើប​ក្នុង​អលាភ​ផង​ មិន​រំភើប​ក្នុង​យស​ផង មិន​រំភើប​ក្នុង​អយស​ផង មិន​រំភើប​ក្នុង​បសំសា​ផង​ មិន​រំភើប​ក្នុង​និន្ទា​ផង មិន​រំភើប​ក្នុង​សុខ​ផង មិន​រំភើប​ មិន​កំរើក មិន​ញាប់ញ័រ មិន​រញ្ជួយ មិន​កក្រើក​ក្នុង​ទុក្ខ​ផង
ថយ | ទំព័រទី ៣២០ | បន្ទាប់