ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា មិន​មានការ​ញាប់ញ័រ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះអង្គ​លះបង់​លំនៅ កាត់​បង់​តណ្ហា មិន​មាន​ការ​ញាប់ញ័រ។ ពាក្យ​ថា ដូច្នេះ របស់​បទ​ថា ភទ្ទ្រា​វុធ​មាន​អាយុ​ ពោល​ដូច្នេះ ជា​ពាក្យ​តបទ។បេ។ ពាក្យ​ថា ដូច្នេះ​នុ៎ះ ជាលំដាប់​បទ។ ពាក្យ​ថា មាន​អាយុ​ គឺ​ពាក្យជា​ទីស្រឡាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា មាន​អាយុ​នុ៎ះ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យ​ថា ភទ្រ្ទា​វុធ​ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​ហៅ​ព្រាហ្មណ៍​នោះ​ ហេតុ​នោះ (មាន​ពាក្យ​ថា​) ភទ្រ្ទា​វុធ​មាន​អាយុ​ ពោល​ដូច្នេះ។
 [៤១១​] ពាក្យ​ថា លះបង់​សេចក្តី​ត្រេកអរ ឆ្លង​អន្លង់​ មាន​ព្រះទ័យ​រួច​ស្រឡះ អធិប្បាយ​ថា តណ្ហា លោក​ហៅថា​ សេចក្តី​ត្រេកអរ បាន​ដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​ត្រេកអរ គឺ​តណ្ហា​នោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ លះបង់ ផ្តាច់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព មិន​ឲ្យ​កើត​តទៅ​ជា​ធម្មតា ហេតុ​នោះ ព្រះពុទ្ធ​ទើប​ឈ្មោះថា​ លះបង់​សេចក្តី​ត្រេកអរ។ ពាក្យ​ថា ឆ្លង​អន្លង់ គឺ​ព្រះមានព្រះភាគ ទ្រង់​ឆ្លង​កាមោឃៈ​ ឆ្លង​ភវោឃៈ ឆ្លង​ទិដ្ឋោឃៈ ឆ្លង​អវិជ្ជោឃៈ ឆ្លង ឆ្លង​ឡើង ឆ្លងកាត់ កន្លង ឈាន​រំលង ផ្លោះ​រំលង​ នូវ​ផ្លូវ​គឺ​សង្សារ​ទាំងអស់ ព្រះអង្គ​មានការ​អប់រំ​នៅ​ហើយ​ មាន​ចរណៈ​ប្រព្រឹត្ត​ហើយ។បេ។
ថយ | ទំព័រទី ៣២១ | បន្ទាប់