(ភទ្រ្ទា​វុធ​មាន​អាយុ ពោល​ដូច្នេះ​ថា​) ខ្ញុំ​ព្រះអង្គ​សូម​អារាធនា ព្រះមានព្រះភាគ ព្រះអង្គ​លះ​លំនៅ កាត់​បង់​តណ្ហា មិន​មានការ​ញាប់ញ័រ​ លះបង់​សេចក្តី​ត្រេកអរ ឆ្លង​អន្លង់ មានព្រះហឫទ័យ​រួច​ស្រឡះ លះបង់​គ្រឿង​កំណត់ មាន​បញ្ញា​ល្អ​ ​ពួក​ជន​ស្តាប់ (ព្រះតម្រាស់​) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធ​នាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ។
[៤១៤​] បពិត្រ​ព្រះអង្គ​ជា​វីរបុរស ពួក​ជន​ផ្សេង​ៗ ចេញ​អំពី​ជនបទ​ទាំងឡាយ មក​ប្រជុំ​គ្នា ត្រូវការ​ព្រះតម្រាស់​របស់​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​ដោះប្រស្នា ដើម្បី​ជន​ទាំងនោះ ព្រោះថា ធម៌​នុ៎ះ ព្រះអង្គ​ជ្រាប​ហើយដោយ​ពិត។

 [៤១៥​] អធិប្បាយ​ពាក្យ​ថា ពួក​ជន​ផ្សេង​ៗ ចេញ​អំពី​ជនបទ​ទាំងឡាយ​ មក​ប្រជុំ​គ្នា ត្រង់​ពាក្យ​ថា ពួក​ជន​ផ្សេង​ៗ បាន​ដល់ ពួក​ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ​ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យ​ថា ចេញ​អំពី​ជនបទ​ទាំងឡាយ មក​ប្រជុំ​គ្នា គឺ​ចេញ​អំពី​ជនបទ ឈ្មោះ​អង្គៈ​ផង មគធៈ​ផង កាសី​ផង កោស​លៈ​ផង​ វជ្ជី​ផង មល្លៈ​ផង ចេតិយៈ​ផង សាគ​រៈ​ផង បញ្ចាលៈ​ផង អវនិ្ត​ផង យោ​នៈ​ផង កម្ពោជៈ​ផង។ ពាក្យ​ថា​ មក​ប្រជុំ​គ្នា គឺ​មក​ផ្តុំ មក​ព្រមគ្នា មក​ស្រុះគ្នា មក​ជួបជុំគ្នា ហេតុ​នោះ (លោក​ពោល​ថា​) ​ពួក​ជន​ផ្សេង​ៗ ចេញ​អំពី​ជនបទ​ទាំងឡាយ មក​ប្រជុំ​គ្នា។
ថយ | ទំព័រទី ៣២៤ | បន្ទាប់