បុគ្គល​មិន​គប្បី​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​ មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់ ជា​បុគ្គល​ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង គប្បី​ប្រព្រឹត្ត​មានសតិ​ជា​ភិក្ខុ។

 [៩៥​] ព្រាហ្មណ៍​ទាំងឡាយ មាន​អធ្យាស្រ័យ​តែមួយ​ មាន​បយោគ​តែមួយ មាន​សេចក្តី​ប៉ុនប៉ង​តែមួយ​(១) មានធម៌​ជា​គ្រឿង​អប់រំ​តែមួយ អប់រំ​ហើយ (ក្នុង​ពុទ្ធ​សាសនា​ជា​អតីត​) ជាមួយគ្នា មួយអន្លើដោយ​ព្រាហ្មណ៍ (ឈ្មោះ​អជិ​តៈ​) នោះ ធម្មចក្ខុ គឺ​សោតាបត្តិ​មគ្គ មាន​ធូលី​ទៅ​ប្រាស​ហើយ មានមន្ទិល​ទៅ​ប្រាស​ហើយ កើតឡើង​ដល់​ពាន់​នៃ​សត្វ​ដ៏​ច្រើន​ទាំង​នោះ​ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ​ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា ឯ (អជិ​តៈ​) ព្រាហ្មណ៍​នោះ មានចិត្ត​ផុត​ស្រឡះ​ហើយ ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់​មាំ ដំណាលគ្នា​ដោយ​ការចប់​គាថា។ (លំដាប់នោះ​) ស្បែក​ខ្លា​ជដា សំពត់​សំបក​ឈើ ឈើច្រត់ កុណ្ឌី​ទឹក និង​សក់ ពុកមាត់​ ពុកចង្កា ក៏​បាត់​ទៅជាមួយ​នឹង​ពេល​ដែល​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​ព្រះអរហន្ត។ (អជិត​ព្រាហ្មណ៍​) ជា​ឯហិ​ភិក្ខុ ស្លៀកដណ្តប់​នូវ​ភណ្ឌ គឺ​សំពត់​កា​សាយៈ​ ទ្រទ្រង់នូវ​សង្ឃាដី បាត្រ និង​ចីវរ អង្គុយ​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះមានព្រះភាគ ដោយ​ប្រតិបត្តិ​សមគួរ​ដល់​ប្រយោជន៍​ (ហើយ​ប្រកាស​ថា​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ​ជា​សាស្តា​របស់ខ្ញុំ​ព្រះអង្គ​ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ អជិត​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី១។


(១) បយោគ​មាន ៣ គឺ កាយ​ប្ប​យោគ ១ វចីបយោគ ១ មនោ​បយោគ ១។
ថយ | ទំព័រទី ៤៩ | បន្ទាប់