ពាក្យ​ថា មេ​ត្តេ​យ្យ គឺជា​គោត្រ ជា​ពាក្យសម្រាប់​ហៅ ជា​ពាក្យសម្រាប់​សំគាល់ ជា​បញ្ញត្តិ​ ជា​វោហារ​នៃ​ព្រាហ្មណ៍​នោះ ហេតុ​នោះ (លោក​ពោល​ថា​) តិ​ស្ស​មេ​ត្តេ​យ្យ​មាន​អាយុ (ទូល​សួរ​) ដច្នេះ។
 [៩៨​] ពាក្យ​ថា បុគ្គល​ណា មិន​មាន​សេចក្តី​ញាប់ញ័រ​ សេចក្តី​ថា ការ​ញាប់ញ័រ​ដោយ​តណ្ហា ញាប់ញ័រ​ដោយ​ទិដ្ឋិ ញាប់ញ័រ​ដោយ​មានះ ញាប់ញ័រ​ដោយ​កិលេស​ ញាប់ញ័រ​ដោយ​កម្ម សេចក្តី​ញាប់ញ័រ​ទាំងនេះ របស់​បុគ្គល​ណា គ្មាន មិន​មាន​ មិន​មាន​ព្រម មិនបាន គឺ​បុគ្គល​ណា លះបង់ ផ្តាច់​បង់ ចូល​ទៅ​រម្ងាប់ រម្ងាប់​ចំពោះ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ ញាណ​ហើយ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​ណា មិន​មាន​សេចក្តី​ញាប់ញ័រ។
 [៩៩​] ពាក្យ​ថា បុគ្គល​ណា ដឹង​ច្បាស់​នូវ​ទីបំផុត​ទាំងពីរ​ គឺ​បុគ្គល​ណា ដឹង​ច្បាស់ ដឹង ថ្លឹង ពិចារណា សំដែង​ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ទីបំផុត​ទាំងពីរ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​ណា ដឹង​ច្បាស់​នូវ​ទីបំផុត​ទាំងពីរ។
 [១០០​] ពាក្យ​ថា និង​កណ្តាល ដោយ​ប្រាជ្ញា ហើយ​មិន​ជាប់​ គឺ​មិន​ជាប់ មិន​ចូល​ទៅ​ជិត​ជាប់ ចេញ រលាស់​ចេញ រួច​ស្រឡះ ប្រាស​ចេញ​ នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ទំនប់ គឺ​កិលេស ហេតុ​នោះ (លោក​សួរ​ថា​) និង​កណ្តាល​ដោយ​ប្រាជ្ញា ហើយ​មិន​ជាប់។
ថយ | ទំព័រទី ៥១ | បន្ទាប់