[១០១​] ពាក្យ​ថា ព្រះអង្គ​ទ្រង់​ហៅ​បុគ្គល​ណា​ថា មហាបុរស​ គឺ​ព្រះអង្គ ទ្រង់​ហៅ​បុគ្គល​ណា ទ្រង់​សំដែង​បុគ្គល​ណា ទ្រង់​សំ​គាស់​បុគ្គល​ណា ទ្រង់​ត្រាស់​បុគ្គល​ណា ទ្រង់​ឃើញ​បុគ្គល​ណា ទ្រង់​ប្រកាស​បុគ្គល​ណា​ថា មហាបុរស បុរស​លើស​ បុរស​ប្រសើរ បុរស​វិសេស​ផុត បុរស​ចម្បង​ បុរស​ឧត្តម បុរស​ថ្លៃថ្លា​ ហេតុ​នោះ (លោក​សួរ​ថា​) ព្រះអង្គ​ទ្រង់​ហៅ​បុគ្គល​ណា​ថា មហាបុរស។
 [១០២​] ពាក្យ​ថា បុគ្គល​ណា​បាន​កន្លង​នូវ​តណ្ហា ជា​គ្រឿង​ចាក់ស្រេះ​ ក្នុង​លោក​នេះ គឺ​បុគ្គល​ណា បាន​កន្លង កន្លង​បង់ ឈាន​កន្លង កន្លង​ព្រម ប្រព្រឹត្ត​កន្លង នូវ​តណ្ហា​ ជា​គ្រឿង​ចាក់ស្រេះ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​ណា បាន​កន្លង​នូវ​តណ្ហា ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ។ ហេតុ​នោះ​ ព្រាហ្មណ៍​នោះ ពោល​ហើយ​ថា
(តិ​ស្ស​មេ​ត្តេ​យ្យ​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) បុគ្គល​ណា ក្នុង​លោក​នេះ ជា​អ្នក​ត្រេកអរ​ពេញលេញ បុគ្គល​ណា មិន​មាន​សេចក្តី​ញាប់ញ័រ បុគ្គល​ណា ដឹង​ច្បាស់​នូវ​ទីបំផុត​ទាំងពីរ​ និង​កណ្តាល ដោយ​ប្រាជ្ញា​ហើយ មិន​ជាប់ ព្រះអង្គ​ទ្រង់​ហៅ​បុគ្គល​ណា​ថា មហាបុរស បុគ្គល​ណា បាន​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ។
ថយ | ទំព័រទី ៥២ | បន្ទាប់