[១៣៧​] ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ​ ត្រង់​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ គឺ​ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ អង្វរ​ព្រះអង្គ អារាធនា​ព្រះអង្គ ញុំាង​ព្រះអង្គ​ឲ្យ​ជ្រះថ្លា​ សូម​ព្រះអង្គ​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ ហេតុ​នោះ (លោក​សួរ​ថា​) ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ។ ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​ នុ៎ះ​ជា​ពាក្យសម្រាប់​ហៅ​ដោយ​គោរព។បេ។ ការ​បញ្ញតិ្ត​ថា ព្រះមានព្រះភាគ នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង​ ពាក្យ​ថា សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ​ គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ផ្តើម វែកញែក ធ្វើឲ្យ​រាក់ ប្រកាស ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
(បុណ្ណ​កៈ​មាន​អាយុ ក្រាបទូល​សួរ​ដូច្នេះ​ថា​) បពិត​ព្រះអង្គ​និរទុក្ខ បើ​ជន​ជា​អ្នក​ប្រកប​ក្នុង​ការ​បូជា​ទាំងនោះ ឆ្លង​ជាតិ និង​ជរា​ដោយ​យ័ញ្ញ​មិន​បានទេ បពិត្រ​ព្រះអង្គ​និរទុក្ខ តើ​អ្នកណា​ ក្នុង​ទេវលោក និង​មនុស្ស​លោក ឆ្លង​ជាតិ និង​ជរា​បាន ក្នុង​កាល​ឥឡូវនេះ បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់​ខ្ញុំ​ព្រះអង្គ។
ថយ | ទំព័រទី ៩៦ | បន្ទាប់