[១៣៨​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) សេចក្តី​ញាប់ញ័រ​ក្នុង​ទី​នីមួយ​ក្នុង​លោក​នៃ​បុគ្គល​ណា មិន​មាន​ទេ ព្រោះ​ដឹង​នូវ​ត្រើយនាយ និង​ត្រើយអាយ​ក្នុង​លោក​ តថាគត​ពោល​ថា បុគ្គល​នោះ ជា​អ្នក​ស្ងប់ អ្នក​កំចាត់​បង់ អ្នក​មិន​មានទុក្ខ អ្នក​មិន​មាន​ប្រាថ្នា អាច​ឆ្លង​ជាតិ និង​ជរា​បាន។

 [១៣៩​] ពាក្យ​ថា ព្រោះ​ដឹង​នូវ​ត្រើយនាយ និង​ត្រើយអាយ​ក្នុង​លោក​ សេចក្តី​ថា ញាណ លោក​ហៅថា ការ​ដឹង បានខាង​បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការ​ពិចារណា​ធម៌ សេចក្តី​ឃើញត្រូវ។ ពាក្យ​ថា ត្រើយនាយ និង​ត្រើយអាយ​ គឺ​មនុស្សលោក ហៅថា ត្រើយអាយ ទេវលោក ហៅថា​ត្រើយនាយ កាមធាតុ ហៅថា ត្រើយអាយ រូបធាតុ និង​អរូបធាតុ​ ហៅថា ត្រើយនាយ កាមធាតុ និង​រូបធាតុ ហៅថា ត្រើយអាយ​ អរូបធាតុ ហៅថា ត្រើយនាយ។ ពាក្យ​ថា ព្រោះ​ដឹង​នូវ​ត្រើយនាយ និង​ត្រើយអាយ​ក្នុង​លោក គឺ​ព្រោះ​ដឹង​នូវ​ត្រើយនាយ និង​ត្រើយអាយ​ថា​ មិន​ទៀង ព្រោះ​ដឹង យល់ ថ្លឹង ពិចារណា សំដែង ធ្វើឲ្យ​ប្រាកដ ថា​ជា​ទុក្ខ ជា​រោគ ជា​បូស ជា​សរ។បេ។
ថយ | ទំព័រទី ៩៧ | បន្ទាប់