ដើម្បី​ប្រយោជន៍​ដល់​សកទាគាមិផល​សមាបត្តិ។បេ។ ១ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​អនាគាមិមគ្គ ១ ដើម្បី​ប្រយោជន៍​ដល់​អនាគាមិផល​សមាបត្តិ​ ១ ធម៌​គ្រប​សង្កត់​នូវ​ការ​កើត ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ​ កាល​វិល​កើត ការប្រព្រឹត្តិ​នៃ​វិបាក ជាតិ ជរា ព្យាធិ មរណៈ សោ​កៈ បរិទេវៈ ឧបា​យា​សៈ និង​សង្ខារ​និមិត្ត​ខាងក្រៅ​ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​អរហត្តមគ្គ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ ដើម្បី​ប្រយោជន៍​ដល់​អរហត្តផល​សមាបត្តិ។បេ។ ១ ដើម្បី​ប្រយោជន៍​ដល់​សុញ្ញ​តវិហារ​សមាបត្តិ។បេ។ ១ ធម៌​គ្រប​សង្កត់​នូវ​ការ​កើត ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ​ ដើម្បី​ប្រយោជន៍​ដល់​អនិមិត្ត​វិហារ​សមាបត្តិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ នេះ គោត្រភូ​ធម៌​ ១០ កើតឡើង​ដោយអំណាច​វិបស្សនា។
 [១៤១​] គោត្រភូ​ធម៌ ជាកុសល​ប៉ុន្មាន​ ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។ គោត្រភូ​ធម៌ ជាកុសល ១៥ គោត្រភូ​ធម៌​ជា​អព្យាក្រឹត​ ៣ ឯគោត្រភូ​ធម៌​ជាអកុសល មិន​មាន​ទេ។
[១៤២​] គោត្រភូញាណ ៨ គឺ​គោត្រភូញាណ​ប្រកបដោយ​អាមិសៈ ១ មិន​មាន​អាមិសៈ ១ មាន​ទីតាំង​ (នៃ​សេចក្តី​ត្រេកអរ​) ១ មិន​មាន​ទីតាំង ១ ប្រកប​ (ដោយ​សេចក្តី​ត្រេកអរ​) ១ មិន​ប្រកប ១ ចេញ​ហើយ​ (ចាក​សេចក្តី​ត្រេកអរ​) ១ មិនទាន់​ចេញ​ហើយ ១
ថយ | ទំព័រទី ១៥៤ | បន្ទាប់