ឈ្មោះថា​ ធម៌​ទាំងពួង បាន​ដល់​ខន្ធ ៥។បេ។ ពួក​អប​រិយា​បន្ន​ធម៌។
 ពាក្យ​ថា​ សង្គ្រោះ​ឲ្យ​មក​តែមួយ គឺ​ធម៌​ទាំងពួង លោក​រួបរួម​មក​តែមួយ​វិញ ដោយ​អាការ​ ១២ គឺ ដោយ​អត្ថ​ថា​ពិត ១ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ១ ដោយ​អត្ថ​ថា​ទៀង ១ ដោយ​អត្ថ​ថា​ចាក់ធ្លុះ​ ១ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ១ ដោយ​អត្ថ​ថា​កំណត់​ដឹង ១ ដោយ​អត្ថ​ថា​ទ្រទ្រង់ ១ ដោយ​អត្ថ​ថា​ជា​ធាតុ​ ១ ដោយ​អត្ថ​ថា​ដឹង ១ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ១ ដោយ​អត្ថ​ថា​ពាល់ត្រូវ ១ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ១ នេះ​ធម៌​ទាំងពួង​ លោក​រួបរួម​មក​តែមួយ ដោយ​អាការ ១២។
 ពាក្យ​ថា​ កិលេស​មាន​ភាព​ផ្សេង​ៗ និង​គុណ​មាន​ភាព​តែមួយ​ គឺ​កាមច្ឆន្ទៈ ឈ្មោះថា​ភាព​ផ្សេង​ៗ នេក្ខម្មៈ ឈ្មោះថា​ភាព​តែមួយ។បេ។ កិលេស​ទាំងពួង ឈ្មោះថា​ភាព​ផ្សេង​ៗ អរហត្តមគ្គ ឈ្មោះថា​ភាព​តែមួយ។
 ពាក្យ​ថា​ ការ​ត្រាស់​ដឹង គឺ​ត្រាស់​ដឹង​ទុក្ខសច្ច ជា​បរិញ្ញា​បដិវេធ ត្រាស់​ដឹង​សមុទយសច្ច ជា​បហា​នប្ប​ដិ​វេធ ត្រាស់​ដឹង​និរោធ​សច្ច ជា​សច្ឆិកិរិយា​បដិវេធ​ ត្រាស់​ដឹង​មគ្គសច្ច ជា​ភាវនា​បដិវេធ។
 ពាក្យ​ថា​ ទស្សន​វិសុទ្ធិ គឺ ទស្សនៈ (ការ​ឃើញ​) រមែង​ស្អាត​ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ ទស្សនៈ​ស្អាត​វី​សេស​ហើយ ក្នុង​ខណៈ​នៃ​សោតាបត្តិផល​ ទស្សនៈ​កំពុង​ស្អាត ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ ទស្សនៈ​ស្អាត​វិសេស​ហើយ ក្នុង​ខណៈ​នៃ​សកទាគាមិ​ផល​
ថយ | ទំព័រទី ២៤០ | បន្ទាប់