បណ្តា​ធម៌​ទាំងនោះ មរណៈ តើ​ដូចម្តេច។ ការ​ច្យុតិ ការ​ឃ្លាត ការ​បែកធ្លាយ​ ការ​អន្តរធាន មច្ចុ សេចក្តី​ស្លាប់ កាលកិរិយា ការ​បែកធ្លាយ​ទៅ​នៃ​ខន្ធ ការ​ដាក់​ចោល​នូវ​សាកសព​ ការ​ដាច់​បង់​ទៅ​នៃ​ជីវិតិន្ទ្រិយ​ណា នៃ​ពួក​សត្វ​នោះ​ៗ ចាក​សត្ត​និ​កាយ​នោះ​ៗ នេះ ហៅថា​ មរណៈ។
 [៨១​] បណ្តា​ធម៌​ទាំងនោះ ការ​សោក​ តើ​ដូចម្តេច។ ការ​សោក អាការ​សោក​ស្តាយ ភាព​នៃ​ការ​សោក​ស្តាយ ការ​ស្ងួតស្ងប់​ខាងក្នុង ការ​ក្រៀមក្រំ​ខាងក្នុង​ ការ​សញ្ជប់សញ្ជឹង​នៃ​ចិត្ត ការ​តូចចិត្ត សរ​គឺ​សេចក្តី​សោក​ណា នៃ​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ចាក​ញាតិ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ចាក​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ចាក​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ឬប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬក៏​ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់ នេះ​ហៅថា សោក។
ថយ | ទំព័រទី ៨៦ | បន្ទាប់