ភិក្ខុ​នោះ ក៏បាន​សម្រេច​ចតុត្ថជ្ឈាន ដែល​មិន​មានទុក្ខ មិន​មាន​សុខ​ មានតែ​សតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា នេះ​លោក​ហៅថា សម្មាសមាធិ នេះ​លោក​ហៅថា​ ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច។ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា​ នេះ​ទុក្ខអរិយសច្ច នេះ​ទុក្ខសមុទយ​អរិយសច្ច នេះ​ទុក្ខនិរោធ​អរិយសច្ច នេះ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រុង​ត្រចៀក​ ឈ្មោះថា សុត​មយ​ញ្ញាណ យ៉ាងនេះ​ឯង។
 [៨៦​] បញ្ញា​ក្នុង​ការ​ស្តាប់​ហើយ​សង្រួម​ ឈ្មោះថា សីល​មយ​ញ្ញាណ តើ​ដូចម្តេច សីល ៥ គឺ​បរិយន្ត​បារិសុទ្ធិ​សីល ១ អបរិយន្ត​បារិសុទ្ធិ​សីល ១ បរិបុណ្ណ​បារិសុទ្ធិ​សីល ១ អប​រាម​ដ្ឋ​បារិសុទ្ធិ​សីល ១ បដិ​ប្ប​ស្ប​ទ្ធិ​បារិសុទ្ធិ​សីល ១។
 បណ្តា​សីល​ទាំង ៥ នោះ បរិយន្ត​បារិសុទ្ធិ​សីល តើ​ដូចម្តេច។ សីល​របស់​អនុបសម្បន្ន​ទាំងឡាយ​ ដែល​មាន​សិក្ខាបទ​មាន​ទីបំផុត នេះ​ឈ្មោះថា បរិយន្ត​បារិសុទ្ធិ​សីល។
 អបរិយន្ត​បារិសុទ្ធិ​សីល តើ​ដូចម្តេច។ សីល​របស់​ឧបសម្បន្ន​ទាំងឡាយ​ ដែល​មាន​សិក្ខាបទ​មិន​មាន​ទីបំផុត នេះ​ឈ្មោះថា អបរិយន្ត​បារិសុទ្ធិ​សីល។
ថយ | ទំព័រទី ៩៦ | បន្ទាប់