បរិបុណ្ណ​បារិសុទ្ធិ​សីល តើ​ដូចម្តេច។ សីល​របស់​កល្យាណ​បុថុជ្ជន​ទាំងឡាយ​ ដែល​ប្រកប​ក្នុង​កុសលធម៌ ជា​អ្នក​បំពេញ​ក្នុង​អសេក្ខ​បរិយន្ត​សីល មិន​ស្តាយ​កាយ និង​ជីវិត​ ជា​អ្នកមាន​ជីវិត​លះបង់​ហើយ នេះ​ឈ្មោះថា បរិបុណ្ណ​បារិសុទ្ធិ​សីល។
 អប​រាម​ដ្ឋ​បារិសុទ្ធិ​សីល តើ​ដូចម្តេច។ សីល​របស់​សេក្ខបុគ្គល ៧ ​ពួក នេះ​ឈ្មោះថា អប​រាម​ដ្ឋ​បារិសុទ្ធិ​សីល។
 បដិ​ប្ប​ស្ស​ទ្ធិ​បារិសុទ្ធិ​សីល តើ​ដូចម្តេច។ សីល​របស់​ព្រះ​ខីណាស្រព​ ជា​សាវ័ក​នៃ​ព្រះ​តថាគត របស់​ព្រះ​បច្ចេកពុទ្ធ របស់​ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ​ នេះ​ឈ្មោះថា បដិ​ប្ប​ស្ស​ទ្ធិ​បារិសុទ្ធិ​សីល។
 [៨៧​] សីល​មាន​ទីបំផុត​ក៏​មាន​ សីល​មិន​មាន​ទីបំផុត​ក៏​មាន។ បណ្តា​សីល​ទាំង ២ យ៉ាងនោះ សីល​មាន​ទីបំផុត​នោះ តើ​ដូចម្តេច។ សីល​មានលាភ​ជាទីបំផុត​ក៏​មាន សីល​មានយស​ជាទីបំផុត​ក៏​មាន សីល​មាន​ញាតិ​ជាទីបំផុត​ក៏​មាន​ សីល​មាន​អវយវៈ​ជាទីបំផុត​ក៏​មាន សីល​មានជីវិត​ជាទីបំផុត​ក៏​មាន។
 សីល​មានលាភ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​លាភ ព្រោះ​លាភ​ជា​បច្ច័យ​ ព្រោះ​លាភ ជាហេតុ នេះ​ឈ្មោះថា សីល​មានលាភ​ជាទីបំផុត។
ថយ | ទំព័រទី ៩៧ | បន្ទាប់