ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​នេះ​ ​មាន​របស់​ទុកដាក់​ក្នុង​ឃ្លាំង​ ​ដូចជា​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ដែរ​។​ ​ពួក​ភិក្ខុ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​មិន​គួរ​នឹង​មក​សន្សំ​ ​(​ភេសជ្ជៈ​)​ ​ដោយ​សេចក្តី​ល្មោភ​ច្រើនបែប​ដូច្នេះ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​សន្សំ​ ​(​ភេសជ្ជៈ​)​ ​ដោយ​សេចក្តី​ល្មោភ​ច្រើនបែប​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​បេ​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​តិះដៀល​ ​ហើយ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ភេសជ្ជៈ​ទាំងឡាយ​ណា​ ​ដែល​ពួក​ភិក្ខុ​មាន​ជម្ងឺ​ ​គប្បី​លិទ្ធ​ភ្លក់​ ​(​ឆាន់​)​បាន​ ​គឺ​ទឹកដោះ​រាវ១​ ​ទឹកដោះខាប់១​ ​ប្រេង១​ ​ទឹកឃ្មុំ១​ ​ស្ករអំពៅ១​ ​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំងនោះ​ហើយ​ ​ត្រូវ​ទុកដាក់​ឆាន់​បាន​កំណត់​ត្រឹម៧ថ្ងៃ​ ​ជា​យ៉ាង​យូរ​បំផុត​ ​បើ​ភិក្ខុ​ទុក​ភេសជ្ជៈ​ទាំងនោះ​ឲ្យ​កន្លង​ហួសពី​កំណត់​នោះ​ទៅ​ ​ត្រូវ​វិនយ​ធរ​ឲ្យ​ភិក្ខុ​នោះ​ធ្វើតាម​ធម៌​(​១​)​ ​។​

​ចប់​ ​វារៈ​សំដែង​អំពី​ភេសជ្ជៈ​ ​ដែល​ព្រះមានព្រះភាគ​អនុញ្ញាត​ជាបឋម​។​


​(​១​)​ ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់