[​១៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ចូលវស្សា​ក្នុង​លំនៅ​របស់​គង្វាលគោ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​ ​ក្នុង​លំនៅ​របស់​គង្វាលគោ​បាន​។​ ​ឯ​លំនៅ​របស់​គង្វាលគោ​ក៏​រើចេញ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំនៅ​គង្វាលគោ​ទៅ​ក្នុង​ទីណា​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ក្នុង​ទីនោះ​បាន​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កាល​ថ្ងៃ​ចូលវស្សា​កាន់តែ​ជិត​ហើយ​ ​ក៏​ប្រាថ្នា​ដើម្បី​ទៅ​ដោយ​ពួក​ឈ្មួញ​រទេះ​(​១​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​ក្នុង​ពួក​ឈ្មួញ​រទេះ​បាន​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​កាល​ថ្ងៃ​ចូលវស្សា​កាន់តែ​ជិត​ហើយ​ ​ក៏​ប្រាថ្នា​ដើម្បី​ទៅ​ដោយ​ទូក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​ក្នុង​ទូក​បាន​។​
​(​១​)​ ​ក្នុង​ដីកា​ថា​ ​ប្រជុំជន​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់