ឥឡូវនេះ ព្រះពុទ្ធត្រាស់ឡើងក្នុងលោកហើយ តែងញុំាងសាសនាឲ្យរុងរឿង សត្វអ្នកប្រាថ្នាបុណ្យ អាចនឹងរើខ្លួនបាន។ ខ្ញុំដល់នូវត្រៃសរណគមន៍ ហើយរក្សាពេញលេញ មានមុខងាកចេញពីទុគ្គតិ ដោយសារអំពើដែលខ្ញុំធ្វើដោយប្រពៃនោះ។ មានសមណៈមួយអង្គ ឈ្មោះនិសភៈ ជាអគ្គសាវ័ករបស់ព្រះពុទ្ធ ខ្ញុំបានចូលទៅរកព្រះនិសភៈនោះ ហើយទទួលនូវសរណគមន៍។ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំបានរក្សាសរណគមន៍ ឲ្យពេញលេញ អស់កាលប៉ុណ្ណោះដែរ។ ក្នុងកាលជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំរលឹករឿយៗ នូវសរណគមន៍នោះ ខ្ញុំបានទៅកាន់ឋានតាវត្តិង្ស ដោយសារកុសលកម្មដែលខ្ញុំបានធ្វើល្អហើយនោះ។ ខ្ញុំកាលទៅកើតក្នុងទេវលោក ដែលខ្ជាប់ខ្ជួនដោយបុញ្ញកម្ម បើចូលទៅកាន់ប្រទេសណាៗ រមែងបាននូវហេតុ ៨ ប្រការ (ក្នុងប្រទេសនោះៗ)។