ខ្ញុំបានស្តាប់សរណគមន៍ បានរលឹកឃើញនូវសរណគមន៍របស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយបានដល់អរហត្ត។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់អរហត្ត ព្រះពុទ្ធមានចក្ខុ ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ខ្ញុំបានដល់នូវសរណគមន៍ ក្នុងកប្បប្រមាណមិនបាន អំពីភទ្ទកប្បនេះ ឯអំពើដែលខ្ញុំបានធ្វើហើយប៉ុណ្ណោះ បានឲ្យផលដល់ខ្ញុំ ក្នុងសាសនានេះ។ សរណគមន៍ ខ្ញុំបានរក្សាល្អហើយ ចិត្តខ្ញុំបានតាំងទុកល្អហើយដែរ ខ្ញុំបានទទួលនូវយសទាំងពួង ហើយដល់នូវព្រះនិព្វាន ជាធម្មជាតមិនមានការញាប់ញ័រ។ អ្នកទាំងឡាយណា មានការប្រុងត្រចៀកស្តាប់ អ្នកទាំងឡាយនោះ ចូរស្តាប់ខ្ញុំពោលចុះ ខ្ញុំនឹងសម្តែងប្រាប់អ្នកទាំងឡាយនូវអត្ថ គឺបទដែលខ្ញុំឃើញដោយខ្លួនឯង។ ព្រះសម្ពុទ្ធត្រាស់ដឹងហើយក្នុងលោក សាសនាព្រះជិនស្រីកំពុងផ្សាយទៅ ស្គរគឺអមតនិព្វាន ជាគ្រឿងបន្ទោបង់នូវសរគឺសោក ព្រះអង្គទួងហើយ។