នន្ទ​ត្ថេ​រាប​ទាន ទី៣


 [១៥] ខ្ញុំ​បាន​ថ្វាយ​សំពត់​សម្បកឈើ ចំពោះ​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ចំបង​ក្នុង​លោក ទ្រង់​ប្រកបដោយ​តា​ទិ​គុណ ជា​ព្រះសយម្ភូ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះពុទ្ធ​ជានា​យក ព្រះនាម​ជល​ជុត្តមៈ(១) ទ្រង់ព្យាករ​រឿង​នោះ​ប្រាប់​ខ្ញុំ​ថា
 អ្នក​នឹង​មាន​ពណ៌​សម្បុរ​ដូច​មាស ដោយ​ការ​ថ្វាយ​សំពត់​នេះ។ អ្នក​នឹង​បាន​ទទួល​សម្បត្តិ​ទាំងពីរ​ប្រការ ត្រូវ​កុសល​មូល​ដាស់តឿន​ហើយ នឹង​បាន​ជា​ប្អូន​នៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។ អ្នក​នឹង​មាន​សេចក្តី​ត្រេកអរ​ដោយ​រាគៈ មាន​សេចក្តី​សុខ​ជាប្រក្រតី មាន​សេចក្តី​ជាប់​ចំពាក់​ដោយ​ចំណង់​ក្នុង​កាម​ទាំងឡាយ តែ​លុះ​ព្រះពុទ្ធ​ទ្រង់​ដាស់តឿន នឹង​ប្រែជា​បុគ្គល​ស្ងប់ ហើយ​ចេញ​បួស​ក្នុង​កាលនោះ។ អ្នក​លុះ​បួស​ហើយ ត្រូវ​កុសល​មូល​ដាស់តឿន នឹង​កំណត់​ដឹង​នូវ​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ នឹង​បរិនិព្វាន​ក្នុង​ទីនោះ។
(១) ជា​ពាក្យ​ផ្លាស់​ប្តូរ​គ្នា​នឹង​បទុមុ​ត្ត​រៈ ព្រោះ​ជល​ជុត្តមៈ ប្រែថា ជលជាតិ​ដ៏​ឧត្តម បទុមុ​ត្ត​រៈ ប្រែថា ឈូក​ដ៏​ឧត្តម។
ថយ | ទំព័រទី ១២៩ | បន្ទាប់