ព្រោះ​តថាគត​ធ្វើ​អធិដ្ឋាន​បារមី​ឲ្យ​មាំមួន បំពេញ​នូវ​សច្ចបារមី ដល់​នូវ​មេត្តា​បារមី ទើបបាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។ ព្រោះ​តថាគត​ជា​អ្នកមាន​ចិត្តស្មើ ក្នុង​លោកធម៌​ទាំងអស់ គឺ​លាភ និង​ឥត​លាភ សុខ និង​ទុក្ខ ការ​សរសើរ និង​និន្ទា ទើបបាន​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។ អ្នក​ទាំងឡាយ ចូរ​ឃើញ​នូវ​កោសជ្ជៈ ថា​ជា​ភ័យ​ផង ឃើញ​នូវ​វីរិយៈ ថា​ជា​ធម៌​ក្សេម​ផង ហើយ​ចូរ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ឡើង នេះ​ជា​អនុសាសនី​របស់​ព្រះពុទ្ធ។ អ្នក​ទាំងឡាយ ចូរ​ឃើញ​នូវ​វិវាទ ថា​ជា​ភ័យ​ផង ឃើញ​នូវ​ការ​មិន​វិវាទ ថា​ជា​គុណ​ដ៏​ក្សេម​ផង ហើយ​ចូរ​ជា​អ្នក​ព្រមព្រៀង ស្រុះស្រួល​នឹងគ្នា​ចុះ នេះ​ជា​អនុសាសនី​របស់​ព្រះពុទ្ធ។ អ្នក​ទាំងឡាយ ចូរ​ឃើញ​នូវ​បមា​ទៈ ថា​ជា​ភ័យ​ផង ឃើញ​នូវ​អប្បមា​ទៈ ថា​ជា​គុណ​ដ៏​ក្សេម​ផង ហើយ​ចូរ​ចម្រើន​មគ្គ​មាន​អង្គ ៨ នេះ​ជា​អនុសាសនី​របស់​ព្រះពុទ្ធ។
ថយ | ទំព័រទី ១៤ | បន្ទាប់