ព្រះ​លោកនាយក​ព្រះនាម​សិទ្ធត្ថៈ គង់​លើ​បុប្ផា​សនៈ ហើយ​ជ្រាប​គតិ​របស់ខ្ញុំ ទើប​ទ្រង់​បន្លឺ​ឡើង​នូវ​អនិច្ចតាធម៌​ថា សង្ខារ​ទាំងឡាយ មិន​ទៀងទាត់​ពិត មានការ​កើតឡើង និង​ការ​សូន្យ​ទៅវិញ​ជា​ធម្មតា លុះ​កើតឡើង​ហើយ រមែង​រលត់​ទៅវិញ ការ​រម្ងាប់​នូវ​សង្ខារ​ទាំងឡាយ​នោះ​បាន ទើប​នាំមក​នូវ​សេចក្តី​សុខ។ ព្រះ​សព្វញ្ញុ​ពុទ្ធ ព្រះអង្គ​ជា​ឆ្នើម​ក្នុង​លោក ជា​នរាសភៈ ជា​អ្នកប្រាជ្ញ លុះ​ទ្រង់​សម្តែង​អនិច្ចតាធម៌​នេះ​ចប់ហើយ ទើប​ស្តេច​ហោះ​ឡើង​ទៅ​ឰដ៏​អាកាស ដូច​ស្តេចហង្ស កាល​ហើរ​ទៅ​ឰដ៏​អាកាស។ ខ្ញុំ​បាន​លះបង់​នូវ​ទិដ្ឋិ​របស់​ខ្លួន ហើយ​ចម្រើន​នូវ​អនិច្ចសញ្ញា ខ្ញុំ​ក៏បាន​ចម្រើន អស់ ១ ថ្ងៃ ហើយ​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ខ្ញុំ​សោយ​សម្បត្តិ​ទាំងពីរ ត្រូវ​កុសល​មូល​ដាស់តឿន ក៏បាន​ដល់​នូវ​បច្ឆិមភព ខ្ញុំ​ចូល​ទៅកាន់​កំណើត​ប្រកបដោយ​ផល។ ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ ខ្ញុំ​ចេញ​ចាក​ផ្ទះ​ចូល​ទៅកាន់​ផ្នួស បាន​ដល់​អរហត្តផល។
ថយ | ទំព័រទី ១៤៥ | បន្ទាប់