ព្រះសម្ពុទ្ធ ព្រះនាម​បិយ​ទស្សី ព្រះអង្គ​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ ព្រះអង្គ​មាន​ភិក្ខុ​ព្រះ​ខីណាស្រព​ជា​បរិវារ ដែល​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ​ដែរ ព្រះអង្គ​ឆ្លង​វដ្តសង្សារ ប្រសើរ​ជាង​ពួក​ជន​អ្នក​ឆ្លង ទ្រង់​បាន​ឡើង​កាន់​ប្រាសាទ ហើយ​គង់​លើ​អាសនៈ​ដ៏​ប្រសើរ។ អាមិសៈ​ណា ដែល​ខ្ញុំ​តាក់តែង​បម្រុងទុក​ក្នុង​ផ្ទះ​របស់​ខ្លួន ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ថ្វាយ​អាមិសៈ​នោះ ចំពោះ​ព្រះពុទ្ធ​ដោយដៃ​ទាំងពីរ​របស់​ខ្លួន។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្តល្អ មាន​សេចក្តី​ត្រេកអរ ធ្វើ​អញ្ជលី​នមស្ការ​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ថា ឱហ្ន៎ ព្រះពុទ្ធ​មាន​អានុភាព​ថ្លៃថ្លា។ បណ្តា​ភិក្ខុ ៨ អង្គ ដែល​ចូល​មកកាន់​ទី​ឆាន់ មាន​ព្រះ​ខីណាស្រព​ច្រើន​អង្គ​នេះ ជា​អានុភាព​របស់​ព្រះអង្គ ខ្ញុំ​សូម​ដល់​នូវ​ព្រះអង្គ​ជាទី​ពឹង។ ព្រះមានព្រះភាគ ព្រះនាម​បិយ​ទស្សី ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​សម្តែង​គាថា​ទាំងនេះ​ថា
 កុលបុត្ត​ណា បាន​និមន្ត​ព្រះសង្ឃ ជា​អ្នកមាន​ចិត្តត្រង់ មានចិត្ត​នឹងនួន ព្រមទាំង​តថាគត​ជា​ព្រះសម្ពុទ្ធ ឲ្យ​ឆាន់​ស្កប់ស្កល់ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់