ឧត្តិ​យត្ថេ​រាប​ទាន ទី៨


 [៣០] គ្រានោះ ខ្ញុំ​កើតជា​ក្រពើ​នៅ​នា​ឆ្នេរ​ស្ទឹង ឈ្មោះ​ចន្ទ​ភា​គា ខ្ញុំ​កំពុង​ខ្វល់ខ្វាយ​រក​ចំណី​ដើម្បី​ខ្លួន ហើយ​បាន​ទៅកាន់​កំពង់​ស្ទឹង។ សម័យ​នោះ ព្រះសយម្ភូ​ព្រះនាម​សិទ្ធត្ថៈ ជា​បុគ្គល​ប្រសើរ ព្រះអង្គ​មានប្រាថ្នា​នឹង​ឆ្លងស្ទឹង ទ្រង់​ស្តេច​ចូល​ទៅកាន់​កំពង់​នៃ​ស្ទឹង​នោះ។ កាល​ព្រះសម្ពុទ្ធ​ស្តេច​មកដល់​ហើយ ខ្ញុំ​ក៏​ចូល​មកដល់​ត្រង់​កំពង់​នោះ​ដែរ លុះ​ចូល​មកដល់​ហើយ បាន​ពោល​វាចា​នេះ​នឹង​ព្រះសម្ពុទ្ធ​ថា បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សូម​ព្រះអង្គ​ឡើង​កាន់ (ខ្នង​របស់ខ្ញុំ) ចុះ ខ្ញុំ​នឹង​ចំឡង​ព្រះអង្គ បពិត្រ​ព្រះ​មហា​មុនិ សូម​ព្រះអង្គ​អនុគ្រោះ​នូវ​វិស័យ​ជា​របស់​នៃ​បិតា ដល់​ខ្ញុំ​ឲ្យ​ទាន។ ព្រះ​មហា​មុនិ​ទ្រង់ព្រះ​សណ្តាប់​នូវ​សម្រែក​របស់ខ្ញុំ​ហើយ ស្តេច​ឡើង​កាន់ (ខ្នង​របស់ខ្ញុំ) ខ្ញុំ​មានចិត្ត​រីករាយ​ស្រស់ស្រាយ ចំឡង​ព្រះ​លោកនាយក។ ព្រះ​លោកនាយក ព្រះនាម​សិទ្ធត្ថៈ ញុំាង​ខ្ញុំ​ឲ្យ​ស្រស់ស្រាយ​ឰដ៏​ត្រើយ​ខាងនាយ​នៃ​ស្ទឹង​នោះ​ថា អ្នក​នឹង​ដល់​នូវ​ព្រះនិព្វាន​ឈ្មោះ​អមតៈ។
ថយ | ទំព័រទី ១៨០ | បន្ទាប់