ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ញុំាង​ភិក្ខុសង្ឃ​មួយ​សែន​អង្គ ទាំង​ព្រះពុទ្ធ​ជា​លោកនាយក ឲ្យ​ចូល​មកកាន់​ផ្ទះ​របស់​ខ្លួន។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ (ញុំាង​ព្រះសម្ពុទ្ធ និង​ភិក្ខុសង្ឃ) ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​ចង្ហាន់​ដ៏​ថ្លៃថ្លា ព្រះ​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​គួរ​ទទួល​គ្រឿងបូជា ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​ត្រាស់​នូវ​គាថា​ទាំងនេះ​ថា
 កុលបុត្ត​ណា ថ្វាយ​អាសនៈ​ជា​វិការៈ​នៃ​មាស ក្រាល​ដោយ​កម្រាល​គោណ​កៈ​នេះ តថាគត​នឹង​សម្តែង​សរសើរ​នូវ​កុលបុត្ត​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ កុលបុត្ត​នោះ នឹង​សោយ​ទេវ​រជ្ជ​សម្បត្តិ​អស់ ៧៤ ដង នឹង​សោយ​ទិព្វ​សម្បត្តិ មាន​ពួក​ស្រី​អប្សរ​ចោមរោម នឹង​បាន​គ្រប់គ្រង​ផែនដី បាន​ជា​ស្តេច​ក្នុង​ប្រទេស​មួយ​ពាន់​ដង។ នឹង​កើតជា​ស្តេច​ចក្រពត្តិ អស់​ចំនួន ៥១ ដង នឹង​បាន​ជា​អ្នកមាន​ត្រកូល​ខ្ពស់ ក្នុង​កំណើត​ដែល​មាន​ក្នុង​ភព​ទាំងពួង។
ថយ | ទំព័រទី ២១៨ | បន្ទាប់