កុមុទ​វគ្គ ទី១៨
កុមុទ​មា​លិ​យត្ថេ​រាប​ទាន ទី១


 [៧១] មាន​ស្រះ​កើត​ឯង​ដ៏​ធំ នៅ​ទៀប​ភ្នំ​ហិម​ពាន្ដ ខ្ញុំ​ជា​អារក្សទឹក កើត​ក្នុង​ស្រះ​នោះ មាន​រូប​ដ៏​សម្បើម មាន​កម្លាំង​ច្រើន។ កុមុទ​មាន​ផ្ការីក​ស្គុះស្គាយ​ក្នុង​ស្រះ​នោះ ពួក​ផ្កា​កុមុទ​ប្រមាណ​ប៉ុន​កង់រទេះ កើតឡើង​ក្នុង​ស្រះ​នោះ ខ្ញុំ​តែង​បេះ​ផ្កា​ផង ផ្លែ​ផង ជា​រឿយៗ។ គាប់​ជួន​ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ ទ្រង់​ឃើញ​ផ្កា ដែល​ខ្ញុំ​បេះ​គរ​ទុក ក៏​ស្ដេច​មក​ក្នុង​សំណាក់​របស់ខ្ញុំ។ លុះ (ខ្ញុំ​ឃើញ) នូវ​ព្រះសម្ពុទ្ធ ជា​ទេវតា​របស់​ទេវតា ជា​នរាសភៈ​ហើយ ខ្ញុំ​ក៏​យក​ផ្កា​ទាំងអស់ មក​ថ្វាយព្រះ​ពុទ្ធ។ ក្នុង​កាលនោះ ផ្កាកម្រង​ទាំងប៉ុន្មាន ក៏​ទៅជា​គ្រឿង​ប្រក់​ថ្វាយព្រះ​តថាគត ដែល​ស្ដេច​នៅ​ទៀប​ភ្នំ​ហិម​ពាន្ដ។ ក្នុង​កប្ប​ទី ១១៨ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ១០១ | បន្ទាប់