អសោក​បូ​ជកត្ថេ​រាប​ទាន ទី៤


 [៩៤] កាលនោះ មាន​រាជ​ឧទ្យាន ១ ក្នុង​តិបុ​រា​បុរី ជាទី​រីករាយ ខ្ញុំ​ជា​ឧយ្យានបាល ជា​អ្នក​ស្និទ្ធស្នាល​នឹង​ស្តេច​ក្នុង​ក្រុង​នោះ។ ព្រះសយម្ភូ ព្រះ​នាម​បទុមៈ ស្តេច​មក (ក្នុង​ឧទ្យាន​នោះ) ម្លប់​មិន​លះបង់​ព្រះ​មុនី ទ្រង់​គង់នៅ​ក្បែរ​ដើម​ស្វាយស។ ខ្ញុំ​ឃើញ​ដើម​អសោក មាន​ផ្ការីក មាន​ចង្កោម​គួរ​រមិលមើល ទើប​ខ្ញុំ​បូជា​ដល់​ព្រះពុទ្ធ ព្រះ​នាម​បទុមៈ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៧០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១៦ ជាតិ ព្រះនាម​អរណ​ញ្ជ​ហៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អសោក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អសោក​បូ​ជកត្ថេ​រាបទាប។

ថយ | ទំព័រទី ១២៧ | បន្ទាប់