តិ​លមុ​ដ្ឋិ​យត្ថេ​រាប​ទាន ទី២


 [១៧២] ព្រះ​សាស្តា ជា​អគ្គនាយក​ក្នុង​លោក ទ្រង់​ជ្រាប​នូវ​តម្រិះ​របស់ខ្ញុំ បាន​ស្តេច​មក​ដោយ​កាយឫទ្ធិ សម្រេច​ដោយចិត្ត។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ក៏​ថ្វាយបង្គំ​ព្រះ​សាស្តា ជា​បុរស​ប្រសើរ​បំផុត ដែល​កំពុង​ស្តេច​ចូល​មក ហើយ​ថ្វាយ​ល្ង​មួយ​ក្តាប់។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ល្ង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ល្ង​មួយ​ក្តាប់។ ក្នុង​កប្ប​ទី ១៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នាម​គន្ធិ​យៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​លមុ​ដ្ឋិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​លមុ​ដ្ឋិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២១០ | បន្ទាប់