ពុទ្ធ​សញ្ញ​កត្ថេ​រាប​ទាន ទី៧


 [១៧] ព្រះ​វិបស្សី​សម្ពុទ្ធ ជាកំពូល​ក្នុង​លោក ទ្រង់​ដាក់​អាយុសង្ខារ​ក្នុង​កាលណា ផែនដី និង​សមុទ្រ​ក៏​កម្រើក​ញាប់ញ័រ​ក្នុង​កាលនោះ។ សូម្បី​លំនៅ​របស់ខ្ញុំ​ដ៏​វិចិត្រ​ស្អាត​ទូលាយ ប្រាកដ​ដូច​ធ្លាក់ចុះ ឃ្លាត​ចេញ កម្រើក​ញាប់ញ័រ ក្នុង​កាល​ជាទី​អស់​ទៅ​នៃ​ព្រះជន្មាយុ​របស់​ព្រះពុទ្ធ។ កាលដែល​លំនៅ​នៃ​ខ្ញុំ​ញាប់ញ័រ​ហើយ ខ្ញុំ​ក៏​មាន​សេចក្តី​តក់ស្លុត​កើតឡើង​ថា ពន្លឺ​ដ៏​ធំ បាន​កើតឡើង​ហើយ ដើម្បីអ្វី​ហ្ន៎ ឬក៏​ព្រះបាទ​វេស្សវ័ណ​ស្តេច​មក​ក្នុង​ទីនេះ ញ៉ាំង​មហាជន​ឲ្យ​រលត់ទុក្ខ ឱមែន ភ័យ​ដែល​កើត​ដល់​ជីវិត មិន​មាន​ទេ ខ្លួន​អ្នកឯង​ត្រូវតែ​មាន​សេចក្តី​គោរព ត្រូវ​មានចិត្ត​នឹង​តែមួយ ឱព្រះពុទ្ធ ឱព្រះធម៌ ឱសម្បទា​របស់​ព្រះ​សាស្តា​នៃ​យើង ព្រោះ​កាលដែល​ព្រះអង្គ​ត្រាស់​ឡើង (ក្នុង​លោក) មហាប្រឹថពី ក៏​កម្រើក​ញាប់ញ័រ​ដែរ។ ខ្ញុំ​សរសើរ​នូវ​ពុទ្ធា​នុ​ភាព (យ៉ាងនេះ) ក៏បាន​រីករាយ​ក្នុង​ស្ថានសួគ៌ អស់​មួយ​កប្ប ថែមទាំង​ខ្ញុំ​ធ្វើកុសល​កម្ម ក្នុង​កប្ប​ដ៏​សេស​ទាំងឡាយ។
ថយ | ទំព័រទី ២៥ | បន្ទាប់