ពុទ្ធសញ្ញកត្ថេរាបទាន ទី៧
[១៧] ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលក្នុងលោក ទ្រង់ដាក់អាយុសង្ខារក្នុងកាលណា ផែនដី និងសមុទ្រក៏កម្រើកញាប់ញ័រក្នុងកាលនោះ។ សូម្បីលំនៅរបស់ខ្ញុំដ៏វិចិត្រស្អាតទូលាយ ប្រាកដដូចធ្លាក់ចុះ ឃ្លាតចេញ កម្រើកញាប់ញ័រ ក្នុងកាលជាទីអស់ទៅនៃព្រះជន្មាយុរបស់ព្រះពុទ្ធ។ កាលដែលលំនៅនៃខ្ញុំញាប់ញ័រហើយ ខ្ញុំក៏មានសេចក្តីតក់ស្លុតកើតឡើងថា ពន្លឺដ៏ធំ បានកើតឡើងហើយ ដើម្បីអ្វីហ្ន៎ ឬក៏ព្រះបាទវេស្សវ័ណស្តេចមកក្នុងទីនេះ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ឱមែន ភ័យដែលកើតដល់ជីវិត មិនមានទេ ខ្លួនអ្នកឯងត្រូវតែមានសេចក្តីគោរព ត្រូវមានចិត្តនឹងតែមួយ ឱព្រះពុទ្ធ ឱព្រះធម៌ ឱសម្បទារបស់ព្រះសាស្តានៃយើង ព្រោះកាលដែលព្រះអង្គត្រាស់ឡើង (ក្នុងលោក) មហាប្រឹថពី ក៏កម្រើកញាប់ញ័រដែរ។ ខ្ញុំសរសើរនូវពុទ្ធានុភាព (យ៉ាងនេះ) ក៏បានរីករាយក្នុងស្ថានសួគ៌ អស់មួយកប្ប ថែមទាំងខ្ញុំធ្វើកុសលកម្ម ក្នុងកប្បដ៏សេសទាំងឡាយ។