ញាណ​សញ្ញ​កត្ថេ​រាប​ទាន ទី៨


 [២៨] ខ្ញុំ​នៅ​នា​ភ្នំ​ហិមពាន្ត ឃើញ​ផ្នូកខ្សាច់​ដ៏​ល្អ​ក្នុង​ចន្លោះភ្នំ ខ្ញុំ​រឭក​នូវ​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ថា ការប្រៀបធៀប​ក្នុង​ញាណ (របស់​ព្រះ​សាស្តា) មិន​មាន​ឡើយ សង្រ្គាម​របស់​ព្រះ​សាស្តា​ក៏​មិន​មាន​ដែរ ព្រះ​សាស្តា​បាន​ជ្រាប​នូវ​ធម៌​ទាំងពួង ទ្រង់​ស៊ប់សួន​ដោយ​ញាណ។ បពិត្រ​ព្រះអង្គ ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុរស​ដ៏​ឧត្តម ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ សភាព​ដទៃ​ស្មើដោយ​ញាណ​របស់​ព្រះអង្គ​មិន​មាន​ឡើយ មានតែ​ញាណ​របស់​ព្រះអង្គ ទើប​ឧត្តម​ជា​កំណត់។ ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​ញាណ​ហើយ ក៏បាន​ទៅ​រីករាយ​ក្នុង​ស្ថានសួគ៌ អស់​មួយ​កប្ប ខ្ញុំ​បាន​កសាង​កុសល​ក្នុង​កប្ប​ដ៏​សេស។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សេចក្តី​សម្គាល់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សេចក្តី​សម្គាល់​ក្នុង​ញាណ។
ថយ | ទំព័រទី ៤៦ | បន្ទាប់